សោកនាដកម្មបាក់ស្ពានខ្សែកាប្លិ៍នៅឥណ្ឌារកឃើញសាកសព១៣២ នាក់ហើយ

ចែករំលែក៖

កម្លាំងប៉ូលិសឥណ្ឌាបានឱ្យដឹងថា ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ដាច់ស្ពានខ្សែកាប្លិ៍នៅក្នុងរដ្ឋ Gujarat បានកើនឡើងដល់១៣២នាក់ ហើយអាចនៅមានអ្នកស្លាប់បន្តកើនឡើងទៀត ព្រោះនៅមានអ្នកបាត់ខ្លួនជាច្រើន។

នៅថ្ងៃទី៣១ ខែតុលាសារព័ត៌មាន AFP បានដកស្រង់សម្តីលោក P. Dekavad ស្នងការប៉ូលិសស្រុក Morbi រដ្ឋ Gujarat បានប្រកាសថា គិតត្រឹមពេលនេះកម្លាំងជួយសង្គ្រោះស្រង់បានសាកសព ១៣២នាក់ ហើយអ្នកស្លាប់បន្តកើនឡើងខ្ពស់ ។ ក្នុងពេលគ្រោះថ្នាក់កើតឡើង នៅលើស្ពានមានមនុស្សប្រមាណ ៥០០នាក់ និងនៅក្បាលស្ពានសងខាងជាច្រើននាក់ទៀត ។ ក្រុមជួយសង្គ្រោះបានជួយមនុស្ស ១៣០នាក់រួចផុតពីក្តីស្លាប់ ។ ក្រុមជួយសង្គ្រោះនៅតែបន្តស្វែងរកអ្នកដែលបាត់ខ្លួននៅក្នុងព្រែក ។
រដ្ឋាភិបាលឥណ្ឌាបានបញ្ជូនកម្លាំងទាហានជើងទឹក៥០នាក់ និងទាហានអាកាស៣០នាក់ទៅជួយស្វែងរកសង្គ្រោះពលរដ្ឋដែលបានបាត់ខ្លួនក្នុងហេតុការណ៍គ្រោះថ្នាក់នោះ។ មន្ត្រីក្នុងតំបន់បានសម្រេច បិទទំនប់ ហើយប្រើម៉ាស៊ីនបូមទឹកធុនធំដើម្បីបូមទឹកចេញពីកន្លែងកើតហេតុងាយស្រួលក្នុងការស្វែងរកនិងសង្គ្រោះពលរដ្ឋ។
សារព័ត៌មាន AFP បានផ្សាយថា ស្ពានខ្សែកាប្លិ៍ខាងលើមានប្រវែង ២៣០ ម៉ែត្រ បានសាងសង់ឡើងតាំងពីជំនាន់ឥណ្ឌានៅក្រោមអាណានិគមអង់គ្លេស ក្នុងសតវត្សរ៍ទី១៩ ។ ស្ពានខាងលើត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាថ្មីកាលពីសប្តាហ៍កន្លងមក ក្រោយការជួសជុលឡើងវិញ ៕ ដោយធីរីណា

...

រូប​ថត​ :​India today

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print