រុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលទៅលើទីតាំងនានាក្នុងប្រទេសអ៊ុយក្រែន ក្នុងនោះមានរដ្ឋធានី គៀវក្រោយពេលទីក្រុងមូស្គូចោទប្រកាន់អ៊ុយក្រែន ប្រើប្រាស់យន្តហោះគ្មានមនុស្សបើក(UAV)វាយប្រហារទៅលើកងពលរុស្ស៊ីប្រចំាតំបន់សមុទ្រខ្មៅ ។
សារព័ត៌មាន BBC បានដកស្រង់សំដីមន្ត្រីអ៊ុយក្រែនបញ្ជាក់ថា រុស្ស៊ីបានវាយប្រហារបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់អ៊ុយក្រែន បង្កឲ្យដាច់ប្រព័ន្ធអគ្គិសនី និងទឹកប្រើប្រាស់។
មន្ត្រីយោធានៅទីក្រុងគៀវ បានប្រកាសថា ប្រព័ន្ធការពារមីស៊ីល បានដំណើរការក្នុងរដ្ឋធានីគៀវ ហើយមន្ត្រីក្នុងតំបន់ក៏បានអំពាវនាវដល់ ពលរដ្ឋរកកន្លែងលាក់ខ្លួន រហូតដល់ សារ៉ែនប្រកាសអាសន្នពីការវាយប្រហារបានបញ្ចប់ ។
រុស្ស៊ីបានចោទប្រកាន់ប្រទេសអង់គ្លេសថាបាន ជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងវាយប្រហារដោយដ្រូន នៅតំបន់គ្រីមៀ។ ក្រសួងការពារជាតិរុស្ស៊ីបានចោទប្រកាន់ថាមាន «អ្នកឯកទេស» មកពីចក្រភពអង់គ្លេស ដែលបានជួយអ៊ុយក្រែនក្នុងការ «ការបណ្តុះបណ្តាល» និង «ត្រួតពិនិត្យ» លើការវាយប្រហារដាក់រុស្ស៊ីនៅក្នុងតំបន់គ្រីមៀរនោះ។ ក្រសួងការបរទេសរុស្ស៊ីបានចេញ សេចក្តីថ្លែងការណ៍ចោទប្រកាន់ថា «របបដឹកនាំក្រុង Kyiv» បានធ្វើការវាយប្រហារភេរវកម្មដាក់មកលើកងកម្លាំងនាវាចរសមុទ្រខ្មៅ និងលើកប៉ាល់ស៊ីវិល ដែលធ្វើដំណើរចេញចូលតាមច្រកផ្លូវទឹកនៃមូលដ្ឋាន Sevastopol។
ការវាយប្រហារ នេះពាក់ព័ន្ធនឹងដ្រូនអាកាសចំនួន ៩គ្រឿង និងដ្រូនក្នុងទឹកនៃដែនសមុទ្រចំនួន ៧គ្រឿងផ្សេងទៀត។ នេះជាការវាយប្រហារក្នុងទ្រង់ទ្រាយធំមួយ ដោយដ្រូនពីផ្នែកលើអាកាស និងដ្រូនជ្រែកទឹក ពីផ្ទៃសមុទ្ទមកពីខាងក្រោមមកទៀត ក្នុងគោលដៅវាយប្រហារដាក់មកលើមូលដ្ឋានកងទ័ពរុស្ស៊ីក្នុងតំបន់មូលដ្ឋាន ជើងទឹក Sevastopol របស់រុស្ស៊ី។ សេចក្តីថ្លែងការណ៍រុស្ស៊ីដដែលបាននិយាយថា «ការរៀបចំអំពើភេរវកម្មនេះ និងការបណ្តុះបណ្តាលបុគ្គលិកយោធានៃ មជ្ឈមណ្ឌលប្រតិបត្តិការពិសេសកងម៉ារីនទី៧៣ ត្រូវបានធ្វើឡើងក្រោមការត្រួតពិនិត្យដោយផ្ទាល់របស់អ្នកឯកទេសអង់គ្លេស»៕
រូបថត : Reuters
រូបថត : Getty Images