ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅបរិវេណសាលាខណ្ឌដង្កោ នៅព្រឹកថ្ងៃទី០១ វិច្ឆិកា ២០២២នេះ ប្រជាពលរដ្ឋបានស្នើសុំ អាជ្ញាធរ ឲ្យ ជួយជួលជុលហេដ្ឋារចនាសម្ព័ន្ធ ផ្លូវដែលខួច លូ ទឹក ភ្លើង សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបរិស្ថានឲ្យបានល្អផង នៅក្នុងមូលដ្ឋាន និងការស្នើសុំប្តូរការបង់លុយថ្លៃសំរាម ជាដុល្លារ មកជាលុយខ្មែរវិញ ជាដើម។
វេទិកានេះធ្វើឡើងក្រោមវត្តមានលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានី តំណាងអោយលោកឃួង ស្រេង. អភិបាលរាជធានីភ្នំពេញ។
វេទិកានេះប្រជាពលរដ្ឋបានលើកឡើងជាសំណួរនិងសំណើរផ្ទាល់មាត់ចំនួន៨ នាក់និងសំណើរជាលាយ លក្ខណ៍អក្សរចំនួន៣៦បញ្ហា ។ ចំពោះ សំណួរនិងសំណើរផ្ទាល់មាត់រួមមាន៖ ការស្នើអោយអាជ្ញាធរជួយស្ថាបនាផ្លូវ លូ តបណ្តាញទឹកស្អាត បំពាក់ភ្លើងបំភ្លឺសាធារណៈ ការ ស្នើសុំប្តូរការបង់ប្រាក់ថ្លៃសម្រាមជាដុល្លារមកជាលុយខ្មែរវិញ និងការសុំ បង្កើតអនុវិទ្យាល័យបន្ថែមនៅសង្កាត់ព្រៃសនិងការស្នើសុំតែងតាំងនាយកវិទ្យាល័យ១រូបនៅវិទ្យាល័យហ៊ុន សែនព្រែកកំពឺស ខណៈវិទ្យាល័យនេះមិនមាននាយកសាលាយូរហើយ។
ចំពោះការលើកឡើងជាសំណើរផ្ទាល់មាត់ទាំង៨នាក់ខាងលើនេះ ត្រូវបានអាជ្ញាធរខណ្ឌ រាជធានីនិងមន្ទីរជំនាញធ្វើការបកស្រាយបំភ្លឺភ្លាមៗជូនប្រជាពលរដ្ឋផងដែរ ដោយរាល់សំណើរ សំណូមពរខ្លះត្រូវបានដោះស្រាយបានលទ្ធផលភ្លាមៗនិងសំណើរ សំណូមពរខ្លះទៀតរងចាំប្រជុំនិងពិភាក្សាដោះស្រាយជូននៅពេលក្រោយបន្តបន្ទាប់ទៀត។
លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានមានប្រសាសន៍ថា ៖ ការជួលជុលហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋាន នាប៉ុន្មានឆ្នាំនេះ ពិតជាមានបញ្ហាមួយចំនួន ព្រោះតែគម្រោងខ្លះត្រូវខកខានឬពន្យាពេលដោយបញ្ហាសារជម្ងឺកូវីដ-១៩ តែរាល់សំណើរនិងសំណូមពរខ្លះរបស់បងប្អូន មានមួយចំនួនគឺស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ខណ្ឌ សង្កាត់រួចហើយ ។ចំណែកសំណើររបស់បងប្អូននៅក្រៅគម្រោងយើងនឹងយកទៅដាក់នៅក្នុងគម្រោងអភិវឌ្ឍន៍មូលដ្ឋានខណ្ឌ សង្កាត់នៅឆ្នាំបន្តបន្ទាប់ទៀត ពោលគឺរាល់សំណើរ សំណូមពររបស់បងប្អូន ត្រូវតែដោះស្រាយជូនមិនអាចទុកចោលនោះទេ។
ចំពោះការស្នើសុំប្តូរការបង់ប្រាក់ថ្លៃសម្រាមជាដុល្លារ មកជាលុយខ្មែរវិញនោះ លោកស៊ុយ សេរិទ្ធ បានបញ្ជាក់ថា៖ ក្រុមហ៊ុន ប្រមូលសំរាមទាំង៣គឺសុទ្ធតែភាគហ៊ុនធំមកពីបរទេស ដែលក្រុមហ៊ុនទាំងនោះតម្រូវអោយបង់ប្រាក់ជាដុល្លារ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីសំណើរនេះ រដ្ឋបាលរាជធានីភ្នំពេញនិងប្រជុំ ពិភាក្សាជាមួយធនាគារជាតិបន្តទៀតជុំវិញបញ្ហានេះ។
ចំពោះការសំណើរសុំបង្កើតអនុវិទ្យាល័យបន្ថែម
នៅសង្កាត់ព្រៃស ត្រូវបានលោកម៉ប់ សារិន បញ្ជាក់ថា៖ សំណើរនេះត្រូវការចាយលុយច្រើនណាស់ ទាំងទៅលើការទិញដី សាងសង់អគារជាដើម ។តែទោះជាយ៉ាងអាជ្ញាធរនិងពិនិត្យលទ្ធភាព មើលទៅលើសាលាមឋមសិក្សានៅក្នុងសង្កាត់នេះ ថាតើអាចយកមួយចំណែកណានៃសាលាបឋមសិក្សានោះ បង្កើតជាអនុវិទ្យាល័យបានឬយ៉ាងណា។ចំពោះការស្នើសុំតែងតាំងនាយកវិទ្យាល័យ១រូបនៅវិទ្យាល័យហ៊ុន សែនព្រែកកំពឺស យើងនឹងពិនិត្យពិភាក្សាជ្រើសជ្រើសនៅពេលឆាប់ៗនេះ។
ចំពោះ ការស្នើសុំតបណ្តាញទឹកស្អាត ខាងមន្ត្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបញ្ជាក់ដែរថា៖ ចំពោះការផ្គត់ផ្គង់ទឹកស្អាត រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនៅមានការខ្វះខាតជាការពិត ព្រោះតែរាជធានីភ្នំពេញ អភិវឌ្ឍន៍លឿនពេក គម្រោងយើងតាមមិនទាន់ទេ។ ប៉ុន្តែទោះជាយ៉ាងណារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងពិនិត្យលទ្ធភាពតបណ្តាញទឹកជូនបងប្អូន ពោលគឺ បើមានបំពង់មេហើយ សូមបងប្អូនរួសរាន់ធ្វើសំណើរមករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឲ្យ បានលឿន ដើម្បីឲ្យក្រុមការងារចុះពិនិត្យជាក់ស្តែងនិងតជូន៕ ដោយ៖សំរិត