ខេត្តព្រះសីហនុ៖ ជនសង្ស័យម្នាក់ បានធ្វេីសកម្មភាពលួចម៉ូតូមួយគ្រឿងពីខេត្តព្រះសីហនុ បានសម្រេចហើយព្យាយាមជិះរត់គេចខ្លួន ប៉ុន្តែដោយសារម៉ូតូជនរងគ្រោះមានភ្ជាប់ប្រព័ន្ធGPS ទេីបកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ សហការជាមួយសមត្ថកិច្ចស្រុកត្រាំកក់ ដេញតាមប្រមាញ់រហូតធ្វើឱ្យជនសង្ស័យភ័យខ្លាចរត់មិនរួចក៏យកម៉ូតូទៅប្លុងចោល ហើយរត់គេចខ្លួនបាត់ស្រមោល។
ករណីលួចម៉ូតូខាងលេីនេះ បានកេីតឡេីងនៅវេលាម៉ោង ០៨ និង៣០នាទីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅខេត្តព្រះសីហនុ ម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 1K-9077។
នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃអង្គារទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនិងកម្លាំង ជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំរោង ធ្វើការប្រមាញ់មុខសញ្ញាលួចម៉ូតូភិន ភាគខាងលើ លុះមកដល់ចំនុចខាងត្បូងផ្សារប៉ាង្គសី ស្ថិតនៅភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ដោយមានការសង្ស័យបុរសម្នាក់ បើកបរម៉ូតូដូចភិនភាគម៉ូតូបាត់ តែពាក់ស្លាកលេខផ្សេង ភ្នំពេញ1JM-2252 សមត្ថកិច្ចឃាត់សួរនាំ ស្រាប់តែជន សង្ស័យជិះគេចខ្លួន រួចយកម៉ូតូទៅប្លុងចោលមុខម៉ុងខ្មោចហើយគេចខ្លួនបាត់ ។
ក្រោយសមត្ថកិច្ចរកឃើញ ទើបដឹងថាម៉ូតូនេះ ជាម៉ូតូដែលលួចកាច់ ក ពីខេត្តព្រះ សីហនុពិតប្រាកដមែន។ ករណីនេះមជ្ឈមណ្ឌលប្រចាំបញ្ហានៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ទទួលរបាយការណ៍ឆ្លើយតបពីប្រចាំបញ្ជានៃអធិការដ្ឋានស្រុក ត្រាំកក់នៅម៉ោង ១២និង៤៥នាទីរសៀលថ្ងៃដដែល៕ដោយ៖សហការី