ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់ក៏មាន ព្រះសង្ឃជិត២០អង្គដែលគង់នៅក្នុងវត្តខ្នាចរមាស ស្ថិតក្នុងឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកថ្មគោល ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ នៅវេលាម៉ោង១១យប់ថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០២២ ក្រោយពីព្រះសង្ឃទាំងនោះមានអាការៈឡើងកំដៅខ្លាំង…ខុសពីធម្មតា និងចម្លែក។
ព្រះតេជគុណ អ៊ឹប ភារុណ ដែលបានដឹកបញ្ជូនព្រះសង្ឃទៅកាន់មន្ទីរពេទ្យកាលពីយប់មិញ បានមានសង្ឃដីកាថា ព្រះសង្ឃចំនួន១៨អង្គនៅក្នុងវត្តខ្នាចរមាស ពិតជាកើតមានអាការៈក្ដៅខ្លួនខ្លាំងមែន រហូតដល់អង្គខ្លះស្រែកយំផ្អើលពេញវត្ត ។ ព្រះតេជគុណមានសង្ឃដីកាបន្តថា អាការៈបែបនេះ បានកើតឡើងប៉ុន្មានថ្ងៃកន្លងមកហើយ ទៅលើព្រះសង្ឃតែ៤ឬ៥អង្គប៉ុណ្ណោះ។ ប៉ុន្តែនៅម៉ោងប្រហែល៨យប់មិញ (ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២) ស្រាប់តែឆ្លងរាលដាលខ្លាំងដល់ព្រះសង្ឃរហូតដល់ទៅ១៨អង្គ។
បើតាមប្រភពព័ត៌មានពីមន្ត្រីមូលដ្ឋានដដែលបានប្រាប់ថា, ព្រះសង្ឃប៉ុន្មានអង្គដំបូងមានអាការៈឡើងកំដៅខ្លាំង ហើយគ្រូចៅអធិការវត្ត ក៏បានហៅគ្រូពេទ្យទៅពិនិត្យនិងប្រើប្រាសថ្នាំបន្ថយកំដៅ ។ ប្រភពបានបញ្ជាក់ថា ក្រោយគ្រូពេទ្យឲ្យឆាន់ថ្នាំ ព្រះសង្ឃទាំងនោះក៏បានធូរស្រាលភ្លាមៗ តែក្រោយមកក៏ឡើងកំដៅវិញ ហើយនៅថ្ងៃទី០១ វិច្ឆិកា ស្រាប់តែជំងឺនេះក៏ឆ្លងរាលដាលខ្លាំងដល់ព្រះសង្ឃនានា នៅក្នុងវត្តរហូតដល់ទៅ១៨អង្គ ធ្វើឲ្យព្រះសង្ឃអង្គខ្លះស្រែកយំពេញសាលាឆាន់ ទើបអាជ្ញធរសម្រេចឲ្យរថយន្តសាមុយជួយដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោលតែម្ដង។
ព្រះតេជគុណ អ៊ឹប ភារុណ ដែលបានដឹកបញ្ជូនព្រះសង្ឃ១៨អង្គផ្ទាល់ទៅមន្ទីរពេទ្យបានបញ្ជាក់បន្ថែមថា ពេលបញ្ជូនដល់មន្ទីរពេទ្យភ្លាម គ្រូពេទ្យបានប្រាប់ថា ព្រះសង្ឃខ្លះឡើងកំដៅខ្លាំងរហូត៣៩អង្សារ។ ពេលនេះ ព្រះសង្ឃទាំង១៨អង្គ កំពុងព្យូសេរ៉ូមនៅពេញមន្ទីរពេទ្យនៅឡើយ ក្រោយពីក្រុមគ្រួពេទ្យកយសំណាកឈាមរួច។ ប៉ុន្តែគិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី០២ វិច្ឆិកា នេះ គ្រូពេទ្យជំនាញមិនទាន់ផ្ដល់លទ្ធផលរោគសញ្ញានៅឡើយទេ។
ដូច្នេះព្រះ អង្គត្រូវរង់ចាំចម្លើយពីគ្រូពេទ្យសិន ទើបអាចផ្ដល់ចម្លើយអំពីរោគសញ្ញារបស់ព្រះសង្ឃទាំង១៨អង្គនេះបាន។ នេះគ្រាន់តែជាព័ត៏មានបឋមតែប៉ុណ្ណោះ ។
ចំពោះព័ត៌មានលំអិត និងរង់ចាំការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាខាងមន្ត្រីជំនាញសុខាភិបាល ដើម្បីបានដឹងអំពីមូលហេតុ ហើយក៏ទទួលបានអំពីអាការៈរោគនេះអាចបណ្ដាលមកពីអ្វី៕
ដោយ : សហការី