កាំជ្រួចមីស៊ីល កូរ៉េខាងជើង ធ្លាក់នៅក្បែរឆ្នេរសមុទ្រ កូរ៉េខាងត្បូង ប្រកាសអាសន្នពីការវាយប្រហារ

ចែករំលែក៖

ទីក្រុងសេអ៊ូលបានប្រកាសថា កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង នៅថ្ងៃទី២ខែវិច្ឆិកាបានធ្លាក់ចូលតំបន់សមុទ្រមានចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីឆ្នេរសមុទ្រកូរ៉េខាងត្បូង។ ទាំងនោះហើយបានធ្វើឱ្យសុីរ៉ែនប្រកាសអាសន្នស្រែកឡើង ព្រមានពីការវាយប្រហារ។

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សាយថា យោធាកូរ៉េខាងត្បូង នៅថ្ងៃពុធនេះបាននិយាយថា ខ្លួនបានបាញ់មីស៊ីល៣គ្រាប់ចេញពីយន្ដហោះចម្បាំងធ្លាក់នៅក្បែរតំបន់ព្រំដែនសមុទ្រ ជាទីដែលមីស៊ីលបាលិស្ទីគមួយគ្រាប់របស់កូរ៉េខាងជើងបានធ្លាក់កាលពីព្រឹកមិញនេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន យោធាកូរ៉េខាងត្បូងបានគូសបញ្ជាក់ដូច្នេះថា «មីស៊ីលត្រូវបានបាញ់ចូលតំបន់ដែនទឹកនៅក្បែរខ្សែបន្ទាត់ព្រំដែនខាងជើង ក្នុងចម្ងាយពីទីតាំងដែលមីស៊ីលរបស់កូរ៉េខាងជើងបានធ្លាក់»។ សេចក្ដីថ្លែងការណ៍ដដែលបន្ថែមទៀតថា នេះជាការធ្វើសមយុទ្ធបង្ហាញថាទីក្រុងសេអ៊ូលត្រៀមខ្លួនជាស្រេចក្នុងការចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅនឹងរាល់ទង្វើបង្កហេតុនានា។
គួរបញ្ជាក់ថា យោធាកូរ៉េខាងត្បូង បានអះអាងថា កូរ៉េខាងជើងនៅថ្ងៃពុធនេះបានបាញ់សាកល្បងមីស៊ីលយ៉ាងហោចណាស់ក៏១០គ្រាប់ជាច្រើនប្រភេទផ្សេងៗគ្នាតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីក្រុងសេអ៊ូលទទួលស្គាល់ថាមានមីស៊ីលមួយគ្រាប់បានធ្លាក់នៅក្បែរដែនទឹកកូរ៉េខាងត្បូង ជាលើកដំបូង។
ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើងកើតមានឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអង្គារសប្ដាហ៍នេះបានស្នើឱ្យសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បញ្ឈប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដោយចាត់ទុកថានេះជាទង្វើបង្កហេតុដែលនឹងជំរុញឱ្យមានការចាត់វិធានការឆ្លើយតបពីសំណាក់ទីក្រុងព្យុងយ៉ាង។ សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បាននិងកំពុងធ្វើសមយុទ្ធទ័ពអាកាសរួមគ្នា ដោយមានការចូលរួមពីយន្ដហោះចម្បាំងសរុបជាង២៤០គ្រឿង ដែលនឹងបិទបញ្ចប់នៅថ្ងៃសុក្រសប្ដាហ៍នេះចំពោះមុខការព្រួយបារម្ភថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញឆាប់ៗនេះ៕ ដោយធីរីណា

...

រូប​ថត​ :​ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print