ភ្នំពេញ : សូមបញ្ជាក់ជូនថា, ទោះក្នុងឱកាសព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា ប្រៃសណីយ៍កម្ពុជានឹងនៅតែបើក បម្រើសេវាកម្មជូនអតិថិជនជាធម្មតា ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលអង្គភាព មជ្ឈមណ្ឌល ព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា, ប្រៃសណីយ៍កម្ពុជា មានកិត្តិយសសូមជូនដំណឹងដល់អតិថិជនឱ្យបានជ្រាបថា ក្នុងឱកាសព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែល នឹងប្រព្រឹត្តទៅនាថ្ងៃទី០៧ ០៨ និង ០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ប្រៃសណីយ៍កម្ពុជានឹងនៅតែបើក បម្រើសេវាកម្មជូនអតិថិជនជាធម្មតា។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមអតិថិជនមកទទួលសេវាកម្មប្រៃសណីយ៍ដោយក្តីរីករាយ ៕
ដោយ : សិលា