ភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់បានបើករថយន្តTACOMAបំពានភ្លើងស្តុបជ្រុលទៅបុករថយន្តFord Ranger ស៊េរីឆ្នាំ២០២៣ ត្រូវបញ្ឆិតផ្នែកខាងមុខបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង០១និង២០
នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចក្រោមស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងនឹងផ្លូវលេខ ៥៩៨ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិខ្មែរម្នាក់បើករថយន្តស៊េរីទំនើបម៉ាកFord Ranger ស៊េរីឆ្នាំ ២០២៣ ពណ៌ស ពាក់ស្លាកលេខកម្ពុជាSVN-2023 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ក្នុងទិសដៅពីត្បូងទៅជើង លុះឆ្លងមកដល់ផ្លូវលេខ៥៩៨ ចំណុចកើតហេតុខាងលើ ក៏មានបុរសជនជាតិចិនម្នាក់បើករថយន្តTACOMA មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2BA-6313ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច និងមិនគោរពភ្លើងសញ្ញាចរាចរណ៍បានជ្រុលទៅបុករថយន្តFord Ranger បញ្ឆិតចំហៀងខាងស្ដាំខាងមុខបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមនុស្សរងរបួសនោះឡេីយ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងធ្វើការឃាត់ខ្លួនបុរសជនជាតិចិនដែលបើករថយន្តTACOMA យកមកប៉ុស្តិ៍នគរបាលធ្វើការសួរនាំ ចំណែករថយន្តទាំងពីរគ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ