ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ បានចាត់ឲ្យគណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារលោកស្រី សន ចាំណុង ត្រូវជាភរិយា របស់សព ឧត្តមសេនីយ៍ឯក ទៀ សុទ្ធ អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ ដោយរោគាពាធ ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈគណៈប្រតិភូបានជូនសារលិខិតចូលរួមរំលែកទុក្ខជាមួយលោកស្រី សន ចាំណុង ត្រូវជាភរិយារបស់សពឧត្តមសេនីយ៍ឯក ទៀ សុទ្ធ ចំពោះការបាត់បង់ឧត្តមស្វាមី បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់វីរជនកម្ពុជាដ៏ឆ្នើម ពោរពេញដោយគុណធម៌ សច្ចៈធម៌ បានធ្វើពលិកម្ម បូជាកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ចូលរួមដឹកនាំកម្លាំងតស៊ូរំដោះប្រទេស និងប្រជាពលរដ្ឋ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ កសាងប្រទេស ឲ្យមានសុខសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីវឌ្ឍនភាព វិបុលភាព និងការរីកចម្រើនឥតឈប់ឈររបស់ជាតិមាតុភូមិ ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលបុណ្យជាបច្ច័យចំនួន ៥លានរៀល និងសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ឯក ទៀ សុទ្ធ បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ៖ សីលា