មានករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅក្នុងក្លិបកំសាន្ត កាឡាក់ស៊ី ក្រុងស្ទឹងត្រែងបង្កការភ្ញាក់ផ្អើលរំខានយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ទីតាងក្លិបកំសាន្ត កាឡាក់ស៊ី  ដែលស្ថិតនៅចំណុចភូមិលើ សង្កាត់ស្រះឫស្សី ក្រុង-ខេត្តស្ទឹងត្រែង តែងមានបញ្ហាជម្លោះកើតមានជាហូរហែរ ជាពិសេសក្នុងចន្លោះពីម៉ោង១២ ឬម៉ោង១រំលងអាធ្រាត្រ ច្រើនមានការវាយតប់គ្នាជាហូរហែរដែលអ្នកភូមិរស់នៅជិតនោះចាត់ទុកជាទម្លាប់ទៅហើយ។

កាលពីវេលាម៉ោង១០ និង៥១នាទីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ មានករណីផ្ទុះកាំភ្លើងជាច្រើនគ្រាប់បង្កឲ្យមានការភ្ញាក់ផ្អើលប៉ះពាល់ដ៏ការរស់នៅរបស់ប្រជាពលរដ្ឋជិតខាង ក្នុងនោះស្នូរគ្រាប់កាំភ្លើងយ៉ាងតិចមានចំនួនពី៦ទៅ៧គ្រាប់ ប៉ុន្តែគេពុំទាន់ដឹងពីមូលហេតុចំពោះករណីផ្ទុះអាវុធនេះបង្កឡើងដោយមូលហេតុអ្វីទេ។

អ្នកជិតខាងបានខ្លាចរអារសូម្បីតែការសាកសួរពីសមត្ថកិច្ចជំនាញក៏ត្រូវពួកគាត់មិនហ៊ានបញ្ជាក់ដោយសំអាងថា ទីតាំងក្លិបកំសាន្ត កាឡាក់ស៊ី មានខ្នងបង្អែកធំៗក្នុងនោះសូម្បីតែលោកអធិការនគរបាលក្រុងក៏មានភាគហ៊ុន ទើបអ្នកជិតខាងមិនសូវជាហ៊ានប្រាប់ពីហេតុការណ៍ បើទោះជាឃើញផ្ទាល់ភ្នែកក៏ដោយខ្លាចមានបញ្ហាគំណាបណាមួយពីអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន។

អ្នកភូមិម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា ស្នូរគ្រាប់កាំភ្លើងបានផ្ទុះនៅក្លិប កាឡាក់ស៊ី នេះយ៉ាងពិតប្រាកដវេលាម៉ោង១០ និង៥១នាទីយប់ថ្ងៃទី២៤ ខែឧសភាឆ្នាំ២០១៦ ដោយមុនដំបូងឮស្នូរគ្រាប់ខ្លីចំនួន៣គ្រាប់ បន្ទាប់មកឮស្នូរគ្រាប់កាំភ្លើងAK បាញ់ចំនួន៥ទៅ៦គ្រាប់បន្ថែម ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អ្នកចូលកំសាន្តក្នុងក្លិប ឬអ្នកជិតខាងនោះទេ។

ពាក់ព័ន្ធករណីនេះលោក ឈូក កុមល អធិការនគរបាលក្រុងស្ទឹងត្រែង បានប្រាប់ នគរដ្រេហ្គន តាមទូរស័ព្ទថា ពុំមានករណីបាញ់បោះនៅក្លិបកំសាន្ត កាឡាក់ស៊ី ទេ គឺបាញ់មែន តែបាញ់នៅមាត់ទន្លេកាលពីវេលាម៉ោង៣ទាប់ភ្លឺ ប្រហែលជាពួកគេបាញ់ចោលក៏មិនដឹង។ លោកបានបន្តថា ពេលនេះសមត្ថកិច្ចកំពុងចុះធ្វើការស្រាវជ្រាវ។

សមត្ថកិច្ចខ្លះបានបង្ហើបថា បើទោះជាមានការបាញ់នៅក្លិប កាឡាក់ស៊ី នោះក៏ដោយក៏លោកអធិការមិនហ៊ានប្រាប់ដោយសារគាត់មានភាគហ៊ុននៅទីនោះព្រោះបើមានករណីបាញ់បោះអាចប្រឈមនិងការបិទខាងហាន។ ដោយឡែកលោក ម៉ៅ ដារ៉ា ស្នងការនគរបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ប្រាប់ នគរដ្រេហ្គន ថា ខ្ញុំអត់ទាន់បានដឹងរឿងនេះនៅឡើយទេ តែដែលឮថាបាញ់នៅ កាឡាក់ស៊ី នោះ មិនមែនទេ ហើយខ្ញុំក៏កំពុងឲ្យកម្លាំងជំនាញចុះទៅពិនិត្យហើយ។ លោកស្នងការបន្តថា ខ្ញុំកំពុងតែជាប់រវល់បុណ្យបងនៅឯភ្នំពេញ ម៉្លោះហើយឲ្យកម្លាំងយកចិត្តទុកដាក់ក្នុងរឿងនេះ ចំពោះមូលហេតុយ៉ាងណានោះចាំយើងស៊ើបអង្កេតជាក់ស្តែង។

ពាក់ព័ន្ធនិងការបាញ់បោះសេរីនៅក្លិបកំសាន្ត កាឡាក់ស៊ី ក្រុងស្ទឹងត្រែងយប់មិញត្រូវបានគេបិតប្រភព ដោយសារពាក់ព័ន្ធនិងបញ្ហាគ្រប់គ្រងរបស់អាជ្ញាធរសមត្ថកិច្ចមូលដ្ឋានខ្វះការទទួលខុសត្រូវលើគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព៕

e3fdfec6-5fe3-4121-89ac-b87ceabd06bc

9e93adbb-099d-4156-b2f5-df862a194349

ដោយ៖ មាស សុផាត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print