ខេត្តស្វាយរៀង: លោក ប៉ែន ភារុណ អភិបាលរងក្រុង តំណាងលោកលឹមសៀងហេង អភិបាលក្រុងបាវិត បានថ្លែងថាសមិទ្ធផលផ្លូវចាក់បេតុងប្រវែង៧៩០ ម៉ែត្រនៅ សង្កាត់ច្រកម្ទេស ដែលសម្ភោធនាពេលនេះគឺដើម្បីបំម្រើផលប្រយោជន៍សង្គម ផលប្រយោជន៍រួមរបស់បងប្អូនប្រជាពលរដ្មិនមែនជារបស់បុគ្គលណាម្នាក់នោះទេ។
ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ក្នុងពិធីកាត់ខ្សែរបូណ៍សម្ភោធ ដាក់អោយប្រើប្រាស់ផ្លូវបេតុង ប្រវែង ទទឹង ៥ម៉ែត្រ បណ្តោយ ៧៩០ ម៉ែត្រ នៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត។
ក្នុងឪកាសនោះក៏មានការចូលរួមពីសំណាក់លោក ហួត សាម៉ៃ ចៅសង្កាត់ច្រកម្ទេស លោកគឹមឡេង ប្រធានក្រុមហ៊ុន ហាយប្រ៊ីដ ហ្គាប៊ែឆ លោកគ្រូចៅអធិការ លោកគ្រូអាចារ្យ ប្រជាពលរដ្ឋកក្នុងភូមិព្រៃផ្តៅ ភូមិធ្លក ជាច្រើននាក់ផងដែរ។
ឱកាសនោះដែរលោក បែនភារុណ អភិបាលរងក្រុងបាវិតបានបន្តថា នេះវឌ្ឍនៈភាពមួយដែលសង្កាត់ច្រកម្ទេសទទួលបាននៅសមិទ្ធផលផ្លូវចាក់បេតុងប្រវែង៧៩០ ម៉ែត្រសំដៅធ្វើយ៉ាងណាជួយសម្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាបងប្អូនកម្មករកម្មការិនីរោងចទៅបំពេញការងារបានទាន់ពេលវេលានិងដឹកកសិផលទៅទីប្រជុំជនកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋបានមួយកម្រិត។
លោកអភិបាលរងក្រុងបាវិត បានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលបានជួយថវិកាស្តារប្រឡាយរំដោះទឹក កខ្វក់មានដូចជា លោក ស៊ុយ ជីហ៊ាង ៥០០ដុល្លារ លោកគឹមឡេងប្រធានក្រុមហ៊ុន ហាយប្រ៊ីដ ៨៤០ដុល្លារ បងប្អូនប្រជាពលរដ្ឋក្នុងភូមិព្រៃផ្តៅ ភូមិធ្លក និង ថវិកាផ្ទាល់ខ្លួនរបស់លោកហួត សាមៃ ចៅសង្កាត់ច្រកម្ទេស ផងដែរ។
លោក ប៉ែន ភារុណ ក៏បានណែនាំពន្យល់ដល់ប្រជាពលរដ្ឋ កុំអោយសាងសង់សំណង់ផ្សេងៗ ចូលដីចំណីផ្លូវ ប្រឡាយ និងជួយថែរក្សាផ្លូវនេះដើម្បីជាប្រយោជន៍រួមយើងទាំងអស់គ្នាឲ្យបានគង់វង្សយូរអង្វែងផងដែរ៕ ដោយ៖ សុថាន