(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១ខែធ្នូឆ្នាំ២០២២នេះតទៅកម្ពុជារំពឹងនាំចេញផលិតផលសំលៀកបំពាក់កាត់ដេរ ទៅកាន់ប្រទេសកូរ៉េខាងត្បូង និងជប៉ុន នៅក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។ កិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីភាគីរវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) នឹងចូលជាធរមាន នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។
ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរំពឹងថា តាម រយៈកិច្ចព្រមព្រៀងដែលនឹងចូលជាធរមាននៅពេលឆាប់ៗខាងមុខនេះនឹងជំរុញការនាំចេញផលិតផលកាត់ដេរ សំលៀកបំពាក់ ស្បែកជើង របស់ប្រទេសកម្ពុជាយើងកាន់តែច្រើនទៅកាន់ប្រទេសអាស៊ីខាងកើតមួយនេះ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជ កម្ម លោក ប៉ែន សុវិជាតិមានប្រសាសន៍ថា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាគីកម្ពុជា-កូរ៉េ ចូលជាធរ មានហើយនោះ វានឹងជំរុញកំណើននៃការនាំចេញ កំណើនផលទុនសរុបក្នុងស្រុក និងកំណើនឱកាសការ ងារ ព្រមទាំងជួយស្តារសេដ្ឋកិច្ចឡើងវិញ របស់ប្រទេសទាំងពីរ ដែលទទួលរងផលប៉ះពាល់ជំងឺកូវីដ-១៩ តាមរយៈការពង្រីកការធ្វើសេរីភាវូបនីយកម្មទីផ្សារ។
អ្នកនាំពាក្យរូបនេះបានបន្តទៀតថា នៅពេលកម្ពុជា ទទួលបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសអភិវឌ្ឍន៍បានច្រើន វាគឺជាសញ្ញាវិជ្ជមានមួយសម្រាប់សេដ្ឋកិច្ច និងសម្រាប់ទំនិញ។ លោកបានបន្ថែមថា វាជាសញ្ញាវិជ្ជមានដ៏សំខាន់មួយចាប់ពីថ្ងៃទី១ ខែធ្នូឆ្នាំ២០២២នេះតទៅ។។
លោកអនុរដ្ឋលេខាធិការ ប៉ែន សុវិជាតិ មានប្រសាសន៍ថា “បើយើងនាំទំនិញទៅកូរ៉េបាន ទៅជប៉ុន និងទៅប្រទេសណាដែលមានកម្រិតទទួលស្គាល់បាន ដូចទំនិញសំលៀកបំពាក់ និងស្បែកជើង គឺយើងនាំទៅណាទៀតក៏បានដែរ។ ទន្ទឹមនេះ យើងកំពុងអភិវឌ្ឍខ្លួនឱ្យ ទៅជាប្រទេសនៃបណ្តុំឧស្សាហកម្មសម្រាប់ ផលិត និងផ្គត់ផ្គង់គ្រឿងបន្លាស់ និងគ្រឿងបង្គុំ ឱ្យទៅរោងចក្រធំៗនៅសកលលោក»។
អ្នកនាំពាក្យរូបនេះ បញ្ជាក់បន្ថែមថា ទីផ្សារប្រទេសកូរ៉េខាងត្បូង និងជប៉ុន គឺត្រូវបានគេទទួលស្គាល់នូវទំនិញដែលមានលក្ខណៈឆ្លើយតបគ្រប់គ្រាន់នឹងសេចក្តីត្រូវការរបស់ទីផ្សារប្រទេសផ្សេងៗ ដោយបបន្ថែមថា កម្ពុជា កំពុងអភិវឌ្ឍខ្លួនឱ្យទៅជាប្រទេសនៃបណ្តុំឧស្សាហកម្មសម្រាប់ ផលិត និងផ្គត់ផ្គង់គ្រឿងបន្លាស់ និងគ្រឿងបង្គុំ ឱ្យទៅរោងចក្រធំៗនៅសកលលោក។
បច្ចុប្បន្នកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន និងកូរ៉េខាងត្បូង និងគ្រោងបង្កើតការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទេ្វភាគីនេះជាមួយជប៉ុន ឥណ្ឌា និងប្រទេសដៃគូពាណិជ្ជកម្មផ្សេងទៀត។
សូមបញ្ជាក់ថា កម្ពុជា កូរ៉េខាងត្បូង និងជប៉ុន ជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប)៕