ចាប់ពីថ្ងៃទី១ខែធ្នូនេះទៅ កម្ពុជារំពឹងនាំចេញផលិតផលសំលៀកបំពាក់កាត់ដេរកាន់តែច្រើនទៅកូរ៉េនិងជប៉ុន

ចែករំលែក៖

(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១ខែធ្នូឆ្នាំ២០២២នេះតទៅកម្ពុជារំពឹងនាំចេញផលិតផលសំលៀកបំពាក់កាត់ដេរ ទៅកាន់ប្រទេសកូរ៉េខាងត្បូង និងជប៉ុន នៅក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។ កិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីភាគីរវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) នឹងចូលជាធរមាន នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរំពឹងថា តាម រយៈកិច្ចព្រមព្រៀងដែលនឹងចូលជាធរមាននៅពេលឆាប់ៗខាងមុខនេះនឹងជំរុញការនាំចេញផលិតផលកាត់ដេរ សំលៀកបំពាក់ ស្បែកជើង ​របស់ប្រទេសកម្ពុជាយើងកាន់តែច្រើនទៅកាន់ប្រទេសអាស៊ីខាងកើតមួយនេះ។

អនុរដ្ឋលេខាធិការ ​និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជ កម្ម ​លោក ប៉ែន សុវិជាតិមានប្រសាសន៍ថា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាគីកម្ពុជា-កូរ៉េ ចូលជាធរ មានហើយនោះ វានឹងជំរុញ​កំណើន​នៃការនាំចេញ ​កំណើនផលទុនសរុបក្នុងស្រុក​ និងកំណើនឱកាសការ ងារ​ ព្រមទាំងជួយ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ​របស់ប្រទេសទាំងពីរ​ ដែលទទួលរងផលប៉ះពាល់ជំងឺកូវីដ-១៩​ តាមរយៈការ​ពង្រីក​ការធ្វើសេរីភាវូបនីយកម្មទីផ្សារ។

អ្នកនាំពាក្យរូបនេះបានបន្តទៀតថា នៅពេលកម្ពុជា ទទួលបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី​ជាមួយ​ប្រទេសអភិវឌ្ឍន៍​បានច្រើន វាគឺជាសញ្ញាវិជ្ជមាន​មួយសម្រាប់សេដ្ឋកិច្ច និងសម្រាប់ទំនិញ។ លោកបានបន្ថែមថា វាជាសញ្ញាវិជ្ជមានដ៏សំខាន់មួយចាប់ពីថ្ងៃទី១ ខែធ្នូឆ្នាំ២០២២នេះតទៅ។។

លោកអនុរដ្ឋលេខាធិការ ប៉ែន សុវិជាតិ​ មានប្រសាសន៍ថា ​“បើយើងនាំទំនិញទៅកូរ៉េបាន ទៅជប៉ុន ​ និងទៅ​ប្រទេស​ណាដែលមានកម្រិតទទួលស្គាល់បាន ​ដូចទំនិញ​សំលៀកបំពាក់​ និងស្បែកជើង គឺយើងនាំទៅ​ណាទៀតក៏បានដែរ។ ទន្ទឹមនេះ​ យើងកំពុងអភិវឌ្ឍខ្លួនឱ្យ ទៅជាប្រទេសនៃបណ្តុំឧស្សាហកម្ម​សម្រាប់ ​ផលិត និង​ផ្គត់ផ្គង់​គ្រឿងបន្លាស់ ​និងគ្រឿងបង្គុំ ​ឱ្យទៅរោងចក្រធំៗ​នៅសកលលោក»។

អ្នកនាំពាក្យរូបនេះ ​បញ្ជាក់បន្ថែមថា ​ទីផ្សារប្រទេសកូរ៉េខាងត្បូង​ និងជប៉ុន គឺត្រូវបាន​គេទទួលស្គាល់​នូវទំនិញដែលមានលក្ខណៈឆ្លើយតបគ្រប់គ្រាន់នឹងសេចក្តីត្រូវការរបស់ទីផ្សារប្រទេសផ្សេងៗ ដោយបបន្ថែមថា កម្ពុជា កំពុងអភិវឌ្ឍខ្លួនឱ្យទៅជាប្រទេសនៃបណ្តុំឧស្សាហកម្មសម្រាប់ ផលិត និងផ្គត់ផ្គង់គ្រឿងបន្លាស់ និងគ្រឿងបង្គុំ ឱ្យទៅរោងចក្រធំៗនៅសកលលោក។

បច្ចុប្បន្ន​កម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន ​និងកូរ៉េខាងត្បូង និង​គ្រោង​បង្កើតការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទេ្វភាគីនេះជា​មួយជប៉ុន ​ឥណ្ឌា និង​ប្រទេសដៃគូពាណិជ្ជកម្មផ្សេងទៀត។

សូមបញ្ជាក់ថា កម្ពុជា ​កូរ៉េខាងត្បូង ​និងជប៉ុន ជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយតំបន់(អាសិប)៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print