(កំពង់ធំ) ៖ នារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោក ឈុន ឈន់ប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋប្រមាណជា ២ម៉ឺននាក់ បានចូលរួមទស្សនា ការប្រកួតអុំទូក នៅបរិវេណស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំបានថ្លែងថា ការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែទទួលបានការទុកចិត្ត និងគាំទ្រយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋ។ បងប្អូន កីឡាករ កីឡាការិនីចំណុះទូកទាំងអស់ជាទីស្រឡាញ់រាប់អានអត្ថន័យសំខាន់ នៃពិធី បុណ្យអុំទូកថ្ងៃនេះ មិនមែនជាការចង់ឈ្នះ ចង់ចាញ់ យករង្វាន់អ្វីនោះទេ តែជាការចូលរួមថែរក្សា វប្បធម៌ប្រពៃណីជាតិ ដ៏ល្អរបស់យើងឲ្យគង់វង្សស្ថិតស្ថេរជានិច្ចនិរន្តរ៍តរៀងទៅ។ ដូចដែលយើងទាំង អស់គ្នាបានដឹងមកហើយ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ជាប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដែលជាមរតកវប្បធម៌ដូនតាបានបន្សល់ទុកតាំងពីសម័យបុរាណយូរលង់ណាស់មកហើយ។ សព្វថ្ងៃពិធីបុណ្យដ៏មានសារៈសំខាន់នេះ ត្រូវបានពលរដ្ឋប្រតិបត្តិបន្តរៀងរាល់ឆ្នាំ និងចាត់ ទុកថាជាបុណ្យប្រពៃណីវប្បធម៌ជាតិដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យសំខាន់ៗជាច្រើនទៀត។
លោកអភិបាលខេត្តបានបន្តថា តាមទំនៀមទម្លាប់ខ្មែរ ពិធីបុណ្យអុំទូកតែងតែប្រព្រឹត្តទៅនៅថ្ងៃពេញបូណ៌មី ខែកត្តិក ស្របទៅ នឹងរដូវទឹកសម្រក បន្ទាប់ពីទឹកជំនន់ជនលិចក្នុងរយៈពេលប៉ុន្មានខែដែលបានធ្វើឲ្យបឹងបួទាំងឡាយ ក្លាយទៅជាសមុទ្រដ៏ធំល្វឹងល្វើយ។ ដីល្បប់ដោយសារទឹកជំនន់ នៃទន្លេបឹងបួទាំងឡាយ បានធ្វើឲ្យដី មានជីជាតិ ជាហេតុនាំឲ្យដំណាំទាំងឡាយដែលកសិករធ្វើតាមសង្វាក់ នៃទឹកសម្រកទទួលបានផល យ៉ាងច្រើនសន្ធឹកសន្ធាប់ និងធ្វើឲ្យប្រជាជនកម្ពុជាជៀសផុតពីគ្រោះទុរភិក្ស ដូច្នេះការរៀបចំពិធី បុណ្យអុំទូក ក៏ជាការឧទ្ទិស និងសម្តែងនូវការដឹងគុណដល់ទន្លេមេគង្គនិងទន្លេសាបដែលបានផ្តល់ជី ជាតិយ៉ាងសំខាន់បម្រើដល់វិស័យកសិកម្មផងដែរ ។
ឆ្លៀតក្នុងឱកាសនោះ លោកងួន រតនៈ អភិបាលខេត្តកំពង់ធំបាន សំណូមពរដល់កីឡាករ កីឡាការិនីចំណុះទូកទាំងអស់ សូមយកចិត្តទុកដាក់គោរពតាមបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការបច្ចេកទេស ក្នុងន័យចូលរួមចំណែក ធ្វើឲ្យពិធីអុំទូករបស់យើងទទួលបានជោគជ័យ ភាពថ្លៃថ្នូរ ថែរក្សាបាននូវប្រពៃណីដ៏ល្អផូរផង់របស់ ជាតិយើង និងសូមសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ក្រុមហ៊ុន អាជីវករ អង្គការសង្គមស៊ីវិល ព្រមទាំងសប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា រួមចំណែកជាមួយយើងខ្ញុំ ក្នុងការរៀបចំពិធីនេះឡើង និងសូមគោរពជូនពរសូមមាន សុខ ភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ។
សូមបញ្ជាក់ផងដែរចំនួនទូកដែលបានដាក់ពាក្យចូលរួមប្រកួតរួមមានចំនួន ៤១ទូកក្នុងនោះ ទូក « ង » មាន ចំនួន៤ ទូក ទូកខ្នាតអន្តរជាតិមានចំនួន ១៦ទូក និងទូកផ្កាចារមានចំនួន ២១ទូក និងកីឡាករកីឡាការិនីចំណុះឲ្យទូកចំនួនប្រមាណ ១,១៧៥នាក់ផងដែរ៕