សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សាយថា ជប៉ុនបានប្រារព្ធពិធីព្យុហយាត្រាទ័ពជើងទឹកអន្តរជាតិ នៅក្នុងប្រទេសរបស់ខ្លួន ដែលមានការចូលរួមពីក្រុមនាវាយោធា មកពីប្រទេស១២ផ្សេងទៀត ដើម្បីជាសញ្ញាសាមគ្គីភាពមួយ ស្របពេលដែលកូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៉ីលក្នុងចំនួនច្រើនមិនធ្លាប់មាន ហើយទន្ទឹមគ្នានេះចិនឯណោះវិញក៏ហាក់បង្កើនសម្ពាធសកម្មភាពយោធាកាន់តែខ្លាំងទៅលើតៃវ៉ាន់ផងដែរ។
ព្យុហយាត្រានាវាយោធាខាងលើ ត្រូវបានរៀបចំឡើងនៅឆកសមុទ្រ Sagami Bay ក្បែរទីក្រុងតូក្យូ ហើយមានការចូលរួមពីនាវាសរុប៣៨គ្រឿង ក្នុងនោះ១៨គ្រឿង មកពីប្រទេសជាមិត្ត រួមមានសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ចក្រភពអង់គ្លេស អូស្រ្តាលី សិង្ហបុរី ឥណ្ឌា និងថៃជាដើម។ ក្នងអំឡុងព្រឹត្តិការណ៍នោះ យន្តហោះសរុបចំនួន៣៣គ្រឿងក៏បានហោះកាត់ក្បួនព្យុហយាត្រាពីលើផ្ទៃមេឃផងដែរ ដែលរួមមានទាំងយន្តហោះល្បាត និងឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹក។
ថ្លែងពីលើនាវាផ្ទុកឧទ្ធម្ភាគចក្រ អ៉ីហ៊្សូម៉ូ (Izumo) នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៉ីដា (Fumio Kishida) បានលើកឡើងដូច្នេះថា «ពួកយើងចាំបាច់ត្រូវត្រៀមខ្លួនឱ្យរួចរាល់ សម្រាប់អ្នកដែលបំពានច្បាប់និងអ្នកដែលប្រើកម្លាំងដើម្បីបំផ្លិចបំផ្លាញសន្តិភាពនិងសន្តិសុខរបស់ប្រទេសដទៃ»។
ពិធីព្យុហយាត្រានោះធ្វើឡើងក្នុងឱកាសខួប៧០ឆ្នាំ នៃការបង្កើតកងកម្លាំងស្វ័យការពារជើងទឹកហៅកាត់ថា JMSDF របស់ប្រទេសជប៉ុន។ គណបក្សប្រជាធិបតេយ្យសេរីរបស់លោក គីស៉ីដា បានសន្យាថានឹងបង្កើនកញ្ចប់ថវិកាការពារជាតិរបស់ជប៉ុនក្នុងកម្រិតទ្វេដង គឺឱ្យដល់ខ្ទង់២ភាគរយនៃអត្រា GDP នៃប្រទេសជប៉ុនក្នុងរយៈពេល៥ឆ្នាំ៕ ដោយធីរីណា
រូបថត : REUTERS