កម្ពុជា​ ចូលកាន់ដំណែងជាប្រធាននៃក្រុមការងារម៉ាឌ្រីដស្ដីពីការចុះបញ្ជីម៉ាកអន្តរជាតិ នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក

ចែករំលែក៖

(ហ្សឺណែវ ប្រទេសស្វីស)៖​ នេះបេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​ពាណិជ្ជកម្ម​ បានឱ្យដឹងនៅព្រឹកថ្ងៃ​អង្គារ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះថា៖ កម្ពុជាតំណាងដោយ អគ្គរាជទូត ឡុង កែមវិចិត្រ តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២​ ត្រូវបានទទួលការគាំទ្រពីសមាជិកជាប្រធាននៃកិច្ចប្រជុំលើកទី២០ នៃក្រុមការងារស្ដីពីការអភិវឌ្ឍច្បាប់នៃប្រព័ន្ធម៉ាឌ្រីដសម្រាប់ការចុះបញ្ជីម៉ាកអន្តរជាតិ (Working Group on the Legal Development of the Madrid System for the International Registration of Marks) នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដែលប្រារព្ធធ្វើពីថ្ងៃទី៧-១១ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងមតិបើកកិច្ចប្រជុំ អគ្គរាជទូតកម្ពុជាបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងកិត្តិយសយ៉ាងក្រៃលែងដែលកម្ពុជាត្រូវបានទទួលការគាំទ្រពីសមាជិកទាំងមូល ដើម្បីដឹកនាំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ព្រមទាំងបានតាំងចិត្តខ្ពស់ក្នុងការដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំឲ្យទទួលបានលទ្ធផលដែលបានរំពឹងទុក។ អគ្គរាជទូតកម្ពុជាក៏បានបន្ថែមទៀតថា កិច្ចពិភាក្សាដែលនឹងធ្វើឡើងនៅក្នុងកិច្ចប្រជុំទី២០ នៃក្រុមការងារម៉ាឌ្រីដនេះនឹងនាំមកនូវការអភិវឌ្ឍ និងភាពប្រសើរឡើងបន្ថែមទៀតចំពោះប្រព័ន្ធម៉ាឌ្រីដ ធ្វើឲ្យប្រព័ន្ធចុះបញ្ជីម៉ាកអន្តរជាតិនេះរឹតតែមានភាពទាក់ទាញ ភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ថែមទៀតដល់អ្នកប្រើប្រាស់ បម្រើដល់តម្រូវការនៃធុរកិច្ចទាំងឡាយ ជាពិសេសសហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានផលប្រយោជន៍ពីកម្មសិទ្ធិបញ្ញាដើម្បីជំរុញដល់គោលដៅធុរកិច្ចរបស់ខ្លួន។

សូមបញ្ជាក់ថា ប្រព័ន្ធម៉ាឌ្រីដគឺជាប្រព័ន្ធចុះបញ្ជីម៉ាកអន្តរជាតិដោយប្រើប្រាស់បច្ចេកវិទ្យាដែលគ្រប់គ្រងដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដោយប្រព័ន្ធនេះបានផ្ដល់ភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ចំពោះការចុះបញ្ជីម៉ាកនៅក្នុងប្រទេសនានាជាសមាជិក។ នាពេលបច្ចុប្បន្នប្រព័ន្ធនេះមានសមាជិកចំនួន ១២៨ ដែលក្នុងនោះមានប្រទេសកម្ពុជាផងដែរ ដែលបានចូលរួមការប្រើប្រាស់ប្រព័ន្ធនេះតាមរយៈការចូលជាសមាជិកនៃពិធីសារទីក្រុងម៉ាឌ្រីដទាក់ទងនឹងកិច្ចព្រមព្រៀងទីក្រុងម៉ាឌ្រីដទាក់ទងនឹងការចុះឈ្មោះអន្តរជាតិនៃម៉ាក(Madrid Protocol Relating to the Madrid Agreement Concerning the International Registration of Marks) នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥។

...

នៅក្នុងកិច្ចប្រជុំលើកទី២០ នៃក្រុមការងារម៉ាឌ្រីដនេះ សមាជិកនឹងពិភាក្សាលើសេចក្ដីព្រាងវិសោធនកម្មច្បាប់ និងវិធានមួយចំនួនពាក់ព័ន្ធនឹងការចុះបញ្ជីម៉ាក ព្រមទាំងប្រឹក្សាលើការអភិវឌ្ឍប្រព័ន្ធបន្ថែម សំដៅលើកកម្ពស់ការប្រើប្រាស់ ធ្វើឲ្យប្រព័ន្ធមានភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់ និងឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print