រដ្ឋបាលខេត្ត​ព្រះសីហនុ​អំពាវនាវដល់បណ្តាមន្ទីរស្ថាប័ន អង្គភាព និងបងប្អូនប្រជាពលរដ្ឋផ្សេងទៀត សូមបន្តចូលរួមរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងកែលំអសោភ័ណភាព អនាម័យបរិស្ថាន ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩

ចែករំលែក៖

ខេត្តព្រះសីហនុ​៖​ អនុវត្តតាម សេចក្ដីណនាំលេខ០០៨/២២ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុយើងសង្កេតឃើញថាមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រង្គសាល ក្រុមហ៊ុន រោងចក្រ សហគ្រាស ធនាគារឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន គ្រឹះស្ថានសិក្សា និងបងប្អូនប្រជាពលរដ្ឋមួយចំនួនធំ បានចូលរួមរៀបចំសំអាតអនាម័យបរិស្ថាន តុបតែងលំអនៅតាមអាគារស្ថាប័ន និងលំនៅឋានរៀងៗខ្លួនបានល្អស្អាត និងមានសណ្តាប់ធ្នាប់ សាកសមជាទីក្រុងទេសចរណ៍។ នេះបេីយោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅថ្ងៃទី០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២២។

រដ្ឋបាលខេត្ត​ សូមអំពាវនាវដល់បណ្តាមន្ទីរស្ថាប័ន អង្គភាព និងបងប្អូនប្រជាពលរដ្ឋផ្សេងទៀត សូមបន្តចូលរួមរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងកែលំអសោភ័ណភាព អនាម័យបរិស្ថាន ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

សូមជម្រាបថា​ កាលពីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធី បុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកឆ្នាំ ២០២២ នៅសាលាខេត្តព្រះសីហនុ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធយកចិត្តទុកដាក់ចំពោះការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ ក៏ដូចជាការបញ្ជៀសការកកកុញមនុស្សច្រើនអាចបណ្តាលឱ្យមានគ្រោះថ្នាក់រត់ជាន់គ្នាជាដើម។

លោកអភិបាលខេត្ត បានបញ្ជាក់ថា បញ្ហាសំរាម កាកសំណល់ទាំងក្នុងពេលរៀបចំព្រឹត្តិការណ៍ និងក្រោយពេលព្រឹត្តិការណ៍ចប់ត្រូវធ្វើយ៉ាងណាឱ្យបានស្អាត។ យើងក៏រៀបចំការតុបតែងទីក្រុង ទីសាធារណៈ ព្រមទាំងរៀបចំផ្ទះប្រជាពលរដ្ឋសម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរនាឱកាសពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ។

លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍បើកកិច្ចប្រជុំថា «ពិធីបុណ្យសមុទ្រ ជាឱកាសបង្ហាញពិភពលោកអំពីជោគជ័យរបស់កម្ពុជា ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ កម្ពុជាបានបើកប្រទេស និងបើកសេដ្ឋកិច្ចសង្គមឡើងវិញ មានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគ»។ ខេត្តព្រះសីហនុ មានការអភិវឌ្ឍនូវសមិទ្ធផលជាច្រើនមានដូចជាហេដ្ឋារចនាសម្ពន្ធនានា ទន្ទឹមនោះការរៀបចំសេវាស្នាក់នៅ និងសេវា កម្មម្ហូបអាហារជូនភ្ញៀវទេសចរ ការ គ្រប់គ្រងតម្លៃសេវា ការទុកដាក់កាកសំណល់ទាំងនៅក្នុងទីតាំងអាជីវកម្ម និងទីសាធារណៈទៀតផងឱ្យមានសោភ័ណភាព។

លោករដ្ឋមន្ត្រីបានជំរុញឱ្យមាន ការតាំងពិព័រណ៍បង្ហាញផលិតផលក្នុងស្រុកឱ្យបានច្រើនស្របតាមចលនា «ភូមិមួយ ផលិតផលមួយ» ជាអាទិភាពសំខាន់ក្នុងការរៀបចំព្រឹត្តិការណ៍នេះ។ ហើយប្រធានអនុគណៈកម្មការនីមួយៗត្រូវពន្លឿនការងារដោយទទួលបន្ទុករៀងៗខ្លួនដើម្បីឱ្យពិធីបុណ្យសមុទ្រប្រព្រឹត្តទៅរលូន។

ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រមានស្ដង់ពិព័រណ៍ចំនួន ៣៥០ស្ដង់ រៀបចំនៅតាមបណ្ដោយផ្លូវទីលានសម្ដេចតេជោ ក្នុងនោះមានស្ដង់ពិព័រណ៍របស់ក្រសួងស្ថាប័នពាក់ព័ន្ធ ស្ដង់តំបន់អភិវឌ្ឍទេសចរណ៍ ស្ដង់បង្ហាញពីឧស្សាហកម្ម ៤.០ ស្ដង់សមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោក ស្ដង់ទេសចរណ៍ ស្ដង់ស្ថានទូត និងស្តង់ទេសចរណ៍បរទេស និងស្ដង់ដៃគូឧបត្ថម្ភនានា ពិសេស គឺស្ដង់ម្ហូបអាហារខ្មែរ និងបរទេស។

...

សូមបញ្ជាក់ថា បុណ្យសមុទ្រលើកទី៩ ជុំទី៣ នឹងត្រូវរៀបចំឡើងចាប់ ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ កម្ពុជាក៏ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតកឹ្លបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកចាប់ពីថ្ងៃទី ៩-១៤ ខែធ្នូផងដែរ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print