នៅក្នុងការស្ទង់មតិមុនពេលបោះឆ្នោតនៅអាមេរិកបង្ហាញឱ្យឃើញថា សេដ្ឋកិច្ចគឺជាក្តីបារម្ភយ៉ាងខ្លាំងរបស់ពលរដ្ឋអាមេរិក ។ ពលរដ្ឋអាមេរិកនឹងបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា៤៣៥កៅអី និង ៣៥កៅអីក្នុងព្រឹទ្ធសភា ។ លទ្ធផលនៃការបោះឆ្នោតនឹង ប៉ះពាល់យ៉ាងខ្លាំងដល់ការដឹកនាំរបស់ប្រធានាធិបតីបៃឌិន ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ប្រសិនបើគណបក្សប្រជាធិបតេយ្យ មិនទទួលបានការគាំទ្រខ្ពស់នោះ។
ក្នុងពេលនេះដែរ ប្រធានាធិបតី បៃឌិនបានព្រមានថា ជ័យជម្នះរបស់គណបក្សសាធារណរដ្ឋអាចនឹងធ្វើឱ្យស្ថាប័នប្រជាធិបតេយ្យនានារបស់សហរដ្ឋអាមេរិកធ្លាក់ចុះទន់ខ្សោយ ហើយនឹងបំផ្លាញនូវសមិទ្ធផលមួយភាគធំដែលសម្រេចបានក្នុងអាណត្តិជាប្រធានាធិបតីរបស់លោក។
ថ្លែងនៅចំពោះមុខក្រុមអ្នកគាំទ្រ នៅឯសាកលវិទ្យាល័យ Bowie State University នៅជាយទីក្រុងវ៉ាស៊ីនតោន និងជាការបង្ហាញចំណាប់អារម្មណ៍លើកចុងក្រោយ មុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិចូលមកដល់ លោកបៃឌិន បានគូសបញ្ជាក់ដូច្នេះថា «សព្វថ្ងៃ យើងកំពុងប្រឈមមុខនឹងចំណុចរបត់មួយ។ យើងបានដឹងយ៉ាងច្បាស់នៅក្នុងចិត្តថា ប្រជាធិបតេយ្យរបស់យើងកំពុងប្រឈមមុខនឹងហានិភ័យ ហើយយើងក៏ដឹងដែរថានេះគឺជាពេលដែលយើងត្រូវការពារប្រជាធិបតេយ្យរបស់យើង»។
ការកត់សម្គាល់បែបនេះរបស់លោក ចូ បៃឌិន ត្រូវបានគេមើលឃើញថាជាការឆ្លុះបញ្ចាំងពីការបែកបាក់នយោបាយយ៉ាងស៊ីជម្រៅនៅក្នុងសហរដ្ឋអាមេរិក នៅមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិចូលមកដល់នៅថ្ងៃអង្គារទី៨ ខែវិច្ឆិកានេះ (ពេលវេលានៅសហរដ្ឋអាមេរិក)៕ ដោយធីរីណា
រូបថត : Reuters