ភ្នំពេញ : លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានមានប្រសាសន៍ថា, ក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លានៃព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ទើបកម្ពុជាអាចមានថ្ងៃនេះ ជារដ្ឋឯករាជ្យ អធិបតេយ្យ ដែលមានសិទ្ធិស្វ័យសម្រេច និងធ្វើជាម្ចាស់ជោគវាសនាផ្ទាល់របស់ខ្លួន។ ព្រះរាជគម្រូវីរភាពដ៏អង់អាចក្លាហាននឹងស្ថិតនៅក្នុងការចងចាំរបស់ទូលព្រះបង្គំយើងខ្ញុំជានិច្ចនិរន្តន៍។
លោក ហ៊ុនម៉ានី បានថ្លែងថា , កម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្រ្តជាច្រើនបែបច្រើនសណ្ឋាននាដំណាក់កាលចុងក្រោយរបស់ខ្លួន។ យ៉ាងណាម៉ិញ ទើបតែជាង ២ ទសវត្សរ៍ចុងក្រោយប៉ុណ្ណោះ ដែលកម្ពុជាបានអបអរសាទរឯករាជ្យជាតិរបស់ខ្លួនក្នុងភាពសំបូរសប្បាយ ក្នុងសន្តិភាព និងឯកភាពជាតិ ទឹកដី។ គុណបំណាច់ដ៏ប្រពៃមិនអាចកាត់ថ្លៃបាននេះ គឺជាការរួមចំណែកមិនអាចប្រកែកបាននៃ «នយោបាយ ឈ្នះ-ឈ្នះ» ដែលបានបញ្ចប់ជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ជិត៤ទសវត្សរ៍ជាស្ថាពរ ៕
ដោយ : សិលា