ភ្នំពេញ : នៅព្រឹកថ្ងៃពុធ ១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមក្នុងព្រះរាជពិធីប្រទានភ្លើងជ័យនៅវិមានឯករាជ្យ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការយាង-អញ្ជើញចូលរួមពីសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះរាជវង្សានុវង្ស ថ្នាក់ដឹក-មន្ត្រីជាន់ខ្ពស់ស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងអង្គទូតប្រទេសជាមិត្តប្រចាំកម្ពុជា តំណាងក្រសួង-ស្ថាប័ន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
កូន ចៅ ចៅទួត ចៅលួត សូមចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមថ្លៃថ្លាបំផុត នៃព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ចដើម្បីទាមទាឯករាជ្យជាតិឱ្យរួចចាកផុតពីនឹមអាណានិគមនិយមបារាំងជោគជ័យបានទាំងស្រុង នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
ស្នាព្រះហស្តមិនអាចកាត់ថ្លៃបាននេះ បានក្លាយជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ ជាពិសេស រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខ បានប្តេជ្ញាដង្ហែតាមវីរៈគំរូរបស់ ព្រះបរមរតនកោដ្ឋ ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាព អភិវឌ្ឍនភាព ទទួលបានបូរណភាពទឹកដី ឯកភាពជាតិ អព្យាក្រឹតភាព និងកិត្យានុភាពល្បីល្បាញលើពិភពលោក៕
ដោយ : សហការី