ភ្នំពេញ ៖ រថយន្តស៊េរីទំនេីបម៉ាក Range Rover មួយគ្រឿង បានបុកម៉ូតូម៉ាក Suzuki nex ពេញទំហឹង បណ្ដាលឲ្យម៉ូតូដាច់ជាពីររងការខូចខាតយ៉ាងដំណំ និងធ្វេីឲ្យបុរសម្នាក់រងរបួសធ្ងន់ ភ្លាមៗរថយន្តបង្កបានបេីកគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣ និង២៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចស្ទុបនាគបាញ់ទឹក តាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីបានប្រាប់ឲ្យដឹងថា មុនកេីតហេតុគេឃេីញបុរសម្នាក់ជិះម៉ូតូម៉ាក Suzuki nex ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1FE-9147 ធ្វេីដំណេីរតាមបណ្ដោយផ្លូវសុធារស ទិសដៅពីត្បូងមកជេីង ខណៈមកដល់ចំណុចកេីតហេតុក៏បានឆ្លងស្ទុបនាគបាញ់ទឹក ស្រាប់តែមានរថយន្តស៊េរីទំនេីបម៉ាក Range Rover ពណ៌ស មិនចាំផ្លាកលេខ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីលិចមកកេីតក្នុងល្បឿនយ៉ាងលឿន រួចបុកម៉ូតូSuzuki nex ពីចំហៀងខាងក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូខ្ទាតទៅបុកខឿនផ្លូវបាក់ជាពីរកំណាត់រងការខូចខាតយ៉ាងដំណំ និងធ្វេីឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូងរបួសធ្ងន់ ។ ភ្លាមៗរថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេ ដោយបានបន្តដំណេីរទាំងរថយន្តរងការខូចខាតផ្នែកពីមុខ រហូតគេចខ្លួនបាត់ស្រមោល ។
ក្រោយកេីតហេតុ ប្រជាពលរដ្ឋបានទាក់ទងរថយន្តសាមុយឲ្យមកដឹកជនរងគ្រោះដែលរបួសធ្ងន់ យកទៅមន្ទីរពេទ្យដេីម្បីសង្គ្រោះអាយុជីវិត ។ ចំណែកម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ អូសយកទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំប្រគល់ឲ្យម្ចាស់យកទៅជួសជុលប្រេីប្រាស់វិញ ៕ ដោយ ៖ ភារ៉ា ដង្កោ