មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ប្រ៊ុយណេ បានឯកភាពគ្នាអំពីសារៈសំខាន់ក្នុងការបង្កើនទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរបន្ថែមទៀត

ចែករំលែក៖

ប្រទេសវៀតណាម : នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមុិញ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនឹង លោកឧត្តមសេនីយ៍ត្រី តាន់ស្រ៊ី ប៉ាទ្បាវ៉ាន់ សៃហ្វូលរីហ្សាល់ ប៊ីន អាប់ឌុល ទ្បាទីហ្វ (Dato Seri Pahlawan Saifulrzal Bin Abdul Latif) មេបញ្ជាការកងទ័ពជើងគោកភូមិន្ទប្រ៊ុយណេ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២៣ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

លោក ឧត្តមសេនីយ៍ត្រី តាន់ស្រ៊ី ប៉ាទ្បាវ៉ាន់ សៃហ្វូលរីហ្សាល់ ប៊ីន អាប់ឌុល ទ្បាទីហ្វ បានលើកទ្បើងអំពីទំនាក់ទំនងជាមិត្តភាពល្អរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ហើយចំណងសាមគ្គីភាពដ៏ល្អប្រពៃនេះនឹងហូរទៅគ្រប់លំដាប់ថ្នាក់​ ជាពិសេសក្នុងកម្រិតកងទ័ពជើងគោក។ ទន្ទឹមនឹងនេះ លោក មេបញ្ជាការ កងទ័ពជើងគោកភូមិន្ទប្រ៊ុយណេ ក៏បានធ្វើការកោតសរសើរដ​ល់ការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់​ប្រទេសកម្ពុជាលើគ្រប់វិស័យ។ ចំពោះកិច្ចសហប្រតិបត្តិការកម្រិតកងទ័ពជើងគោក លោក បានគាំទ្រក្នុងការបន្តអនុវត្ត និងជំរុញឱ្យកាន់តែប្រសើរនូវកិច្ចសហប្រតិបត្តិការដែលមានកន្លងមក ព្រមទាំងរួមគ្នាសំលឹងមើលលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកសក្តានុពលផ្សេងៗទៀត។

ជាការឆ្លើយតប លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគាំទ្រចំពោះការលើកទ្បើងអំពីទំនាក់ទំនងជិតស្និទ្ធនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ដែលនេះជាគំរូសម្រាប់ការពង្រឹង និងពង្រីកទៅគ្រប់លំដាប់ថ្នាក់និយាយជារួម និងនិយាយដោយទ្បែកក្នុងកម្រិតកងទ័ពជើងគោកទាំងពីរ។ ទន្ទឹមនឹងនេះ លោក ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ ព្រមទាំងបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា ភាគីទាំងពីរ នឹងបន្តអនុវត្ត និងលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការដែលមានកន្លងមក ព្រមទាំងបន្តគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងក្នុងក្របខ័ណ្ឌតំបន់ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print