ខេត្តកំពង់ចាម៖ នេះបេីយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍្តទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖ កម្លាំងនគរបាលស្រុកស្រីសន្ធរ បានចុះស្រាវជ្រាវ និងបង្រ្កាបករណីបើកលេងល្បែងសុីសងខុសច្បាប់ (លក់កន្ទុយលេខឆ្នោតវៀតណាមខុសច្បាប់) ដោយឃាត់ខ្លួនបុរសម្នាក់យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
របាយការណ៍ដដែលបន្តថា បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម កាលពីវេលាម៉ោង ៣ និង៣០នាទីរសៀលថ្ងៃទី១៦ ខែវិច្ឆកាម្សិលមិញនេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ និងអាជ្ញាធរមូលដ្ឋានចុះបង្រ្កាបជាក់ស្ដែងតែម្តង។
ក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពី លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណីបើក និងលេងល្បែងសុីសងខុសច្បាប់ (លក់កន្ទុយលេខឆ្នោតវៀតណាមខុសច្បាប់) នៅចំណុចតាមផ្លូវស្ថិតនៅភូមិគោកចារ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ជាលទ្ធផលបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០១នាក់ឈ្មោះ គូ ឡេង ភេទប្រុស អាយុ៦០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិច្រុះ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ដកហូតវត្ថុតាងរួមមាន៖
១-ប្រាក់រៀល ចំនួន១៦០០០០រៀល (មួយសែនប្រាំមួយម៉ឺនរៀល)
២-ទូរស័ព្ទដៃចំនួន០១គ្រឿង
៣-ក្រដាសកត់លេខឆ្នោតចំនួន០២សន្លឹក
៤-ប៊ិកចំនួន០១ដេីម។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី តាមបញ្ជាលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕ដោយ៖សហការី