ខេត្តកណ្តាល : ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបសាធារណជន និងសារព័ត៌មានបណ្តាញសង្គមមេត្តាជ្រាប៖
អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញរបស់ស្នងការដ្ឋាន និងអធិការដ្ឋាននគរបាលស្រុកស្អាង ដោយសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនមុខសញ្ញា ករណី៖ លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) បណ្ដាលឲ្យមរណៈភាពជនរងគ្រោះ កើតហេតុ៖ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៦ និង ៣០នាទី នៅចំណុច៖ លើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិដើមព្រីង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះចំនួន០២នាក់
១.ឈ្មោះ រឿន អារីកា ភេទស្រី អាយុ០៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបន្ទុកគ្រួសារ (ស្លាប់នៅកន្លែងកើតហេតុ)។
២.ឈ្មោះ ស៊ឹម រស្មី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ (រងរបួសស្រាល) ទាំងពីរនាក់ត្រូវជាម្ដាយនិងកូន មានទីលំនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
ជនសង្ស័យ ចំនួន០២នាក់ ឃាត់ខ្លួនបាន០១នាក់ ឈ្មោះ សុខខឿន ស៊ីផាត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។
ចំពោះជនសង្ស័យដែលគេចខ្លួន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវដើម្បីឃាត់ខ្លួន ចាត់ការតាមនីតិវិធី។
សភាពរឿងហេតុ
នៅថ្ងៃ ខែ ឆ្នាំ និង វេលាម៉ោងកើតហេតុ ជនរងគ្រោះឈ្មោះ ស៊ឹម រស្មី បានបើកបរម៉ូតូលើផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បូងទៅជើង ឌុបជនរងគ្រោះឈ្មោះ អារីកា ត្រូវជាកូន។ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ខណៈពេលដែលជនរងគ្រោះកំពុងបើកបរម៉ូតូស្របទិសដៅគ្នាមកដល់ទន្ទឹម នឹងរថយន្ដ ប្រភេទ ដឹកទំនិញ ០៥តោន។ជនសង្ស័យម្នាក់ ជាអ្នកបើកម៉ូតូ និងឈ្មោះ សុខខឿន សុផាត ជិះពីក្រោយអ្នកធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះឈ្មោះ ស៊ឹម រស្មី បណ្ដាលឱ្យដួលម៉ូតូជនរងគ្រោះខ្ទាតជនរងគ្រោះឈ្មោះ អារីកា ចូលទៅក្រោមរថយន្តកិនជនរងគ្រោះឈ្មោះ អារីកា ស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង ៕
ដោយ : សិលា