ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅរសៀលថ្ងៃអាទិត្យទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបង្ហាញមុខជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាចោរលួចកាត់ខ្សែភ្លើងប្រជាពលរដ្ឋ និងនៅតាមដងផ្លូវយ៉ាងសកម្ម យកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។
របាយការណ៍ដដែលបន្តថា កម្លាំងល្បាតកងរាជអាវុធខេត្តព្រះសីហនុ កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ករណីលួចកាត់ខ្សែភ្លើងក្នុងអគារមួយកន្លែង នៅចំណុច ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានចុះទៅទីតាំងខាងលើ ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ ភូ សុផា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ យកមកសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។
វត្ថុតាងបានរួមមាន៖ ខ្សែភ្លេីងមួយចំនួន កាំបិតចំនួន០១ ទូរស័ព្ទដៃ ចំនួន០១ គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យនៅថ្ងៃទី២០ ខែវិច្ឆិកានេះ ត្រូវបានកម្លាំងការិយាល័យជំនាញរបស់កងរាជអាវុធហត្តខេត្តកំពុងបន្តនីតិវិធី និងបង្កសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការផ្លូវច្បាប់៕ដោយ៖សហការី