ភ្នំពេញ ៖ប្រមុខកងទ័ពចិនបានសំដែងនូវការរីករាយជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកម្ពុជា ចិនមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការរឹងមាំ ជាពិសេសរវាងកងទ័ពនិងកងទ័ពនៃប្រទេសទាំង២។
ការលើកឡើងរបស់ភាគីចិននៅចំពោះមុខសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងពេលដែលសម្តេចបានអនុញ្ញាតឱ្យលោក វ៉ី ហ្វុងហឺ (Wei Fenghe) រដ្ឋមន្ត្រីការពារជាតិចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនាល្ងាចថ្ងៃអាទិត្យទី២០វិច្ឆិកានេះ ខណៈលោកបានមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូកដែលនឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាបនាថ្ងៃទី២៣ ខែវិច្ឆិកា។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានឱ្យដឹងថា ៖នៅក្នុងជំនួបនេះលោក វ៉ី ហ្វុងហឺ បានគោរពវាយតម្លៃខ្ពស់និងសម្ដែងនូវការអបអរសាទរជូន ចំពោះសម្ដេចតេជោ ចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជាជាមួយនឹងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ច ប្រជុំកំពូលពាក់ព័ន្ធទទួលបានលទ្ធផលយ៉ាងជោគជ័យ។ លោក វ៉ី ហ្វុងហឺ ក៏បានសម្ដែងនូវការរីករាយចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរជាពិសេសរវាងកង ទ័ពនិងកងទ័ពដែលកំពុងមានទំនាក់ទំនងល្អនិងកិច្ចសហប្រតិបត្តិការល្អប្រកបដោយផ្លែផ្កា។ ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានជម្រាបជូនសម្ដេចតេជោថា៖ចិននឹងបន្តជួយដល់កម្ពុជាថែមទៀត។
ជាការឆ្លើយតប សម្ដេចតេជោបានថ្លែង អំណរគុណជូនចំពោះលោក វ៉ី ហ្វុងហឺ ដែលបានមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកដោយផ្ទាល់ហើយ ក៏បានថ្លែងអំណរគុណជូនឯកឧត្តមផងដែរ ចំពោះការវាយតម្លៃអំពីការរីកចម្រើនរបស់កម្ពុជានិងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធកន្លងទៅ រួមជាមួយនឹងការថ្លែងអំណរគុណដល់ជំនួយរបស់មិត្តចិនដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ទាំងធនធានមនុស្ស និងការអភិវឌ្ឍន៍របស់កម្ពុជា៕