ខេត្តព្រះសីហនុ៖ នេះបេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅរសៀលថ្ងៃចន្ទទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖ សូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់លំនៅដ្ឋាន ម្ចាស់ទីតាំងអាជីវកម្ម-សេវាកម្មនៅក្រុងព្រះសីហនុ សូមរៀបចំដាក់ទង់ជាតិព្រះរាជាណាចក្រកម្ពុជា ឱ្យបានសមរម្យនៅពីខាងមុខទីតាំងរបស់បងប្អូនឱ្យបានគ្រប់ៗគ្នា និងរៀបចំលំនៅដ្ឋាន-អាជីវកម្មបងប្អូនឱ្យបានស្អាតជាប្រចាំ ដោយតុបតែងលម្អភ្លេីងពណ៌ ដាំផ្កា ឬសម្ភារៈផ្សេងៗ ឱ្យបានសមរម្យ ជាពិសេសត្រូវសម្អាតអនាម័យបរិស្ថានឱ្យបានស្អាតជានិច្ច ដេីម្បីត្រៀមធ្វេីជាម្ចាស់ផ្ទះនៅក្នុងពិធីបុណ្យសមុទ្រលេីកទី៩ ជុំទី៣ ឆ្នាំ២០២២ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេ ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗ នាចុងឆ្នាំនេះ។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត សង្ឃឹមជឿជាក់ថា បងប្អូនទាំងអស់នឹងចូលរួមអនុវត្តតាមខ្លឹមសារខាងលេីដោយស្មារតីស្រលាញ់ និងទទួលខុសត្រូវខ្ពស់។
សូមជម្រាបដែរថា រដ្ឋបាលខេត្តព្រះសីហនុ កាលពីម្សិលមិញនេះ ក៏បានអំពាវនាវសូមបងប្អូនដែលប្រកបរបរលក់ទឹកអំពៅមួយចំនួនតូច សូមមានការទទួលខុសត្រូវផង កុំដោយសារផលប្រយោជន៍ផ្ទាល់ខ្លួន យកកាកសំណល់របស់ខ្លួនទៅបោះចោលពាសវាលពាសកាល ដោយធ្វើឱ្យប៉ះពាល់អនាម័យ បរិស្ថាន និងសោភ័ណភាពទីក្រុងរបស់យើងដែលជាទីក្រុងទេសចរណ៍។
សូមបញ្ជាក់ថាកាកអំពៅទាំងនេះ គឺត្រូវបានគេយកទៅចាក់ចោល នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចចំណោទលោកយាយម៉ៅ ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទុកដាក់កាកសំណល់ឱ្យបានល្អ ឬយកទៅដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ និងសូមចូលរួមផ្តល់មតិយោបល់ករណីខាងលើក្នុងន័យស្ថាបនា៕ដោយ៖សហការី