ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូឌុបកូនប្រុសពីខេត្តកំពង់ស្ពឺមកប្រលងចម្រៀងនៅរាជធានីភ្នំពេញ តែជាអកុសលពួកគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបែនដឹកថ្មបុករះម៉ូតូពីរគ្រឿងបណ្ដាលឱ្យលោកជាឪពុកស្លាប់ក្រោមកង់រថយន្តគួរឱ្យរន្ធត់បំផុត រីឯកូនប្រុសនិងបុរសម្នាក់ផ្សេងទៀតរងរបួសស្រាល បន្ទាប់ពីពួកគេលោតចេញពីម៉ូតូទាន់ពេល ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចកែងមហាវិថីឈ្នះ=ឈ្នះ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពបុរសរងគ្រោះមានឈ្មោះ ភឿង ង៉ែត អាយុ៤២ឆ្នាំ មុខរបរជាងដែក មានស្រុកកំណើតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
តាមសម្ដីសាច់ញាតិជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជាឪពុកបានជិះម៉ូតូម៉ាក ហុងដាប៊ីត ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ1U -0313 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតដើម្បីជូនកូនប្រុសទៅប្រលងចម្រៀង ខណៈជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តបែនដឹកថ្ម ពាក់ស្លាកលេខភ្នំពេញ4A-4622 បើកដោយបុរសម្នាក់ស្របទិសគ្នាមកពីក្រោយបុករះម៉ូតូពីរគ្រឿង ក្នុងនោះមានម៉ូតូស្មាស់មួយគ្រឿង និងម៉ូតូប៊ីតមួយគ្រឿង) បណ្ដាលឱ្យជនរងគ្រោះត្រូវជាឪពុកបានស្លាប់នៅក្រោមរថយន្តបង្កហេតុគួរឲ្យរន្ធត់បំផុត ។ ចំណែកកូនប្រុស និងបុរសម្នាក់ផ្សេងទៀតដែលជិះម៉ូតូស្មាស់បានលោតចេញពីម៉ូតូបណ្តាលឱ្យរងរបួសស្រាល ។
ក្រោយកេីតហេតុភ្លាមៗ តៃកុងរថយន្តបង្កហេតុបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោលទៅ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងបន្តទៅសមត្ថកិច្វជំនាញចរាចរណ៍រាជធានីឱ្យមកធ្វេីការវាស់វែងស្ទួចយករថយន្តបង្កហេតុនិងម៉ូតូរងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយក្រោយ ។ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចទាក់ទងទៅសាច់ញាតិនិងគ្រួសារឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ភារ៉ា ដង្កោ