សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានដកស្រង់ការប្រកាសរបស់អង្គការសុខភាពពិភពលោក (WHO) ដែលបានព្រមានថាពលរដ្ឋអ៊ុយក្រែនរាប់លាននាក់អាចនឹងប្រឈមមុខនឹងការគំរាមកំហែងដល់អាយុជីវិតនៅក្នុងរដូវរងាឆ្នាំនេះ ខណៈដែលរុស្ស៉ីនៅតែបន្តវាយប្រហារបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងប្រទេសអ៊ុយក្រែន។
លោក Hans Kluge ជានាយក WHO ប្រចាំតំបន់អឺរ៉ុប នៅថ្ងៃចន្ទដើមសប្ដាហ៍កន្លងនេះបានបញ្ជាក់ ដូច្នេះថា «ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនជាងពាក់កណ្ដាលបានទទួលរងការខូចខាតឬត្រូវបានបំផ្លិចបំផ្លាញ ដែលនេះបាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធសុខាភិបាល និងសុខភាពប្រជាជន»។
លោកបន្ថែមទៀតថា រដូវរងានៅក្នុងឆ្នាំនេះ គឺនឹងក្លាយជាការតស៊ូដើម្បីរស់នៅ ដោយប្រជាជនអ៊ុយក្រែនប្រហែលជា១០លាននាក់ កំពុងគ្មានអគ្គិសនីប្រើប្រាស់ស្រាប់ រីឯជាង៣លាននាក់ទៀតអាចនឹងចាកចេញពីផ្ទះសម្បែងដើម្បីស្វែងរកកន្លែងកក់ក្ដៅនិងមានសុវត្ថិភាព ខណៈដែលសីតុណ្ហភាពអាចនឹងធ្លាក់ចុះដល់២០អង្សាសេក្រោមសូន្យនៅផ្នែកខ្លះនៃប្រទេសអ៊ុយក្រែន។
ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ រុស្ស៉ីបានវាយប្រហារបំផ្លិចបំផ្លាញយ៉ាងដំណំលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងស្ថានីយទឹកស្អាតនៅក្នុងប្រទេសអ៊ុយក្រែន ដោយបណ្ដាលឱ្យប្រជាជនអ៊ុយក្រែនគ្មានអគ្គិសនីនិងទឹកប្រើប្រាស់គ្រប់គ្រាន់ នៅចំពោះមុខការចូលមកដល់នៃរដូវរងា៕ ដោយធីរីណា
រូបថត : baotintuc.vn