សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) ជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ : សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានមហាសន្និបាតលើកទី៤៣ បានអនុញ្ញាតឱ្យលោក Amed Bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) ចូលជួបសម្តែងការគួរសមនៅក្នុងឱកាសដែល លោកចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក Amed Bin Mohamed Aljarwan បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសមនាឱកាសនេះ។ លោកបានជម្រាបសម្តេចអំពីបេសកកម្មរបស់អង្គការលោក ដែលនៅពេលនេះមានសមាជិកចំនួន៩៥ សុទ្ធសឹងជាសភាប្រទេសនានានៅក្នុងសកលលោក។

លោកបានគូសបញ្ជាក់ពេលខាងមុខអង្គការរបស់ឯកឧត្តមនឹងបើកការិយាល័យតំបន់ប្រចាំនៅកម្ពុជា ហើយលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា នឹងត្រូវក្លាយជាប្រធាន GCTP នៅក្នុងអាណត្តិរយៈពេលមួយឆ្នាំ ចាប់ពីពាក់កណ្តាលឆ្នាំ ២០២៣ខាងមុខ។

លោក Amed Bin Mohamed Aljarwan បានគោរពស្នើសុំសម្តេចប្រធានជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការ GCTP និងសភាកម្ពុជា ហើយបានបញ្ជាក់ ភាពជាប្រធាននៃអង្គការនេះ នឹងជួយជំរុញកិច្ចសហប្រតិការរវាងអង្គការ GCTP និងស្ថាប័នរដ្ឋសភាដ៏ទៃទៀតឱ្យបានកាន់តែយល់ដឹងអំពីវប្បធម៌ និងការស្រឡាញ់សុខសន្តិភាព របស់កម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍ លោក Amed Bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកល ដើម្បី ភាពអត់ឱន និងសន្តិភាព និងសហការី ដែលបានមកចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា) លើកទី៤៣ នៅកម្ពុជា។

សម្តេចបានគាំទ្របេសកកម្មការងាររបស់ GCTP និងបានកោតសរសើរនូវបទអន្តរាគមន៍ របស់លោក នៅក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃ មហាសន្និបាតអាយប៉ាលើកទី ៤៣នេះ។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចប្រធានរដ្ឋសភា បានឯកភាព នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់របស់សភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាពនៅក្នុងឆ្នាំ២០២៣ ខាងមុខ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print