ការប្រកួតបាល់ទាត់ពិភពលោក World Cup 2022 នៅប្រទេសកាតាក្នុងវគ្គជម្រុះពូល F មានចំនួន២គូ ដោយក្រុមជម្រើសជាតិម៉ារ៉ុក ប៉ះក្រុមអតីតជើងឯករងក្រូអាត និងបែលហ្ស៊ិកប៉ះកាណាដានៅរាត្រីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
សម្រាប់ការប្រកួតបើកឆាកដំបូងនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកក្នុងពូល F នេះ ក្រុមម៉ារ៉ុកប៉ះក្រូអាត ត្រូវប្រកួតនៅពហុកីឡដ្ឋាន Al Bayt ទីក្រុង Al Khor ខណៈបែលហ្ស៊ិកប៉ះកាណាដា នៅកីឡដ្ឋាន Ahmad bin Ali Stadium ទីក្រុង Al Rayyanប្រទេសកាតាដែលជាម្ចាស់ផ្ទះ។
ក្នុងជំនួបខាងលើនេះគេមើលឃើញថា ក្រូអាត និងបែលហ្ស៊ិកមានប្រៀបច្រើនជាងគូប្រកួតដោយសារក្រុមទាំង២នេះមានកីឡាករល្បីៗកំពុងលេងក្នុងលីកកំពូលច្រើននៅអឺរ៉ុប ពោរពេញដោយបទពិសោធន៍ប្រកួត និងមានប្រវត្តិប្រកួតនៅ World Cup ល្អជាង។
ខាងក្រោមនេះគឺព័ត៌មាន និងការវិភាគ សម្រាប់ក្រុមទាំង៤៖
ម៉ារ៉ុក ប៉ះ ក្រូអាត
ម៉ារ៉ុក ៖ បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន៦ដងចាប់តាំងពីឆ្នាំ១៩៧០ ដោយធ្លាប់ឡើងដល់វគ្គ១៦ក្រុមចុងក្រោយបានម្តងគត់លពីឆ្នាំ១៩៨៦។ ក្រៅពី World Cup ម៉ារ៉ុកធ្លាប់គ្រងជើងឯកពានរង្វាន់ Africa Cup of Nations បានម្តងកាលពី១៩៧៦, ឈ្នះពានរង្វាន់ Arab Cup ម្តង (២០១២) និងធ្លាប់ឈ្នះពានរង្វាន់ African Nations Championship ២កាលពីឆ្នាំ២០១៨ និងឆ្នាំ២០២០។
៥ប្រកួតចុងក្រោយរបស់ក្រុមម៉ារ៉ុកធ្វើបានល្អ ដោយឈ្នះ៤ប្រកួត និងស្មើ១ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិម៉ារ៉ុកគឺ ឈ្នះក្រុមជម្រើសជាតិឈីលី ២–០ ក្នុងផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ), ស្មើជាមួយប៉ារ៉ាហ្គាយ ០–០ ក្រៅផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ) និងឈ្នះហ្សកហ្ស៊ី ៣–០ ក្រៅផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ) ។
ក្រូអាត ៖ បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន៦ដងចាប់តាំងពីឆ្នាំ១៩៩៨ ដោយធ្លាប់ទទួលបានជើងឯករង (លេខ២) ម្តងកាលពីឆ្នាំ២០១៨ និងធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ម្តងកាលពី១៩៩៨។ ក្រៅពី World Cup ក្រូអាតធ្លាប់ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់យូរ៉ូបាន២ដង (១៩៩៦, ២០០៨) និងមានឈ្មោះបង្ហាញខ្លួនលើកដំបូងក្នុងពានរង្វាន់ Nations League នៅឆ្នាំ២០២៣ខាងមុខ។
៥ប្រកួតចុងក្រោយរបស់ក្រុមក្រូអាតធ្វើបានល្អ ដោយឈ្នះទាំង៥ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិក្រូអាតគឺ ឈ្នះក្រុមដាណឺម៉ាក ២–១ ក្នុងផ្ទះ (ជំនួប Nations League), ឈ្នះអូទ្រីស ៣–១ ក្រៅផ្ទះ (ជំនួប Nations League) និងឈ្នះអារ៉ាប៊ីសាអ៊ូឌីត ១–០ ក្រៅផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ) ។
ប្រវត្តិជួបគ្នា៤ប្រកួតសម្រាប់គូនេះ
11/12/96 Morocco 2 – 2 Croatia
ការទស្សន៍ទាយ និងទស្សនៈផ្សេងៗ៖
ទស្សនៈWDW: ម៉ារ៉ុក ០–១ ក្រូអាត
ទស្សនៈSV: ម៉ារ៉ុក ០–១ ក្រូអាត
ទស្សនៈAsianB: ក្រូអាតអាចឈ្នះ
បែលហ្ស៊ិក ប៉ះ កាណាដា
បែលហ្ស៊ិក៖ បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន១៤ដងចាប់តាំងពីឆ្នាំ១៩៣០ ដោយធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ម្តងកាលពីឆ្នាំ២០១៨ និងធ្លាប់ឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយចំនួន៥ដង។ ក្រៅពី World Cup ក្រុមនេះធ្លាប់ទទួលបានរងជើងឯកយូរ៉ូ (លេខ២) ម្តងកាលពីឆ្នាំ១៩៨០ និងទទួលបានចំណាត់ថ្នាក់លេខ៤ក្នុងពានរង្វាន់ Nations League បានម្តង។
៥ប្រកួតចុងក្រោយរបស់ក្រុមបែលហ្ស៊ិកគឺ ឈ្នះ២ប្រកួត ស្មើ១ និងចាញ់២ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិបែលហ្ស៊ិកគឺ ឈ្នះវែល ២–១ ក្នុងផ្ទះ (ជំនួប National League), ចាញ់ហុល្លង់ ១–០ ក្រៅផ្ទះ (ជំនួប National League) និងឈ្នះអេហ្ស៊ីប ២–១ ក្នុងផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ) ។
កាណាដា៖ បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន២ដងចាប់តាំងពីឆ្នាំ១៩៨៦ និងមិនធ្លាប់បានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនោះទេ ដោយមិនអាចឆ្លងផុតវគ្គជម្រុះតាមពូល (Group Stage)នោះទេ។ ក្រៅពី World Cup ក្រុមនេះធ្លាប់ឈ្នះពានរង្វាន់ Gold Cup ២ដង (១៩៨៥, ២០០០)។
៥ប្រកួតចុងក្រោយរបស់ក្រុមកាណាដាគឺ ឈ្នះ២ប្រកួត ស្មើ១ និងចាញ់២ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិកាណាដាគឺ ចាញ់អ៊ុយរ៉ាហ្គាយ ២–០ ក្នុងផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ), ស្មើជាមួយប៉ារ៉ែន ២–២ ក្រៅផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ) និងឈ្នះក្រុមជប៉ុន ២–១ ក្រៅផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ) ។
គូនេះពុំមានប្រវត្តិជួបគ្នានទេ
ការទស្សន៍ទាយ និងទស្សនៈផ្សេងៗ៖
ទស្សនៈWDW: បែលហ្ស៊ិក ២–១ កាណាដា
ទស្សនៈSV: បែលហ្ស៊ិក ៣–១ កាណាដា
ទស្សនៈAsianB: បែលហ្ស៊ិកអាចឈ្នះ ។
សូមបញ្ជាក់ថា ក្រុមម៉ារ៉ុកប៉ះក្រុមក្រូអាតនឹងលេងនៅវេលាម៉ោង៥ល្ងាចម៉ោងនៅកម្ពុជា ខណៈបែលហ្ស៊ិកប៉ះកាណាដានឹងលេងនៅវេលាម៉ោង២រំលងអធ្រាត្រថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ៕