ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅរសៀលថ្ងៃពុធទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖ ក្នុងបេសសកម្មការពារផលប្រយោជន៍ និងសុខភាពរបស់អ្នកប្រើប្រាស់ មន្ត្រីអធិការកិច្ចម្ហូបអាហារ នៃសាខា ក.ប.ប. ខេត្តកំពង់ឆ្នាំង ព្រះវិហារ កោះកុង បន្ទាយមានជ័យ និងរាជធានីភ្នំពេញ នាថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានបន្តអនុវត្តភារកិច្ចដោយចុះត្រួតពិនិត្យតាមផ្សារ ផ្ទះលក់ទំនិញ ដេប៉ូចែកចាយទំនិញនានា ដោយបានរកឃើញ និងដកហូតនូវទំនិញខូចគុណភាព ហួសកាលបរិច្ឆេទ រួមមានប្រហិតបង្កក នំ មី ទឹកដោះគោ ។ល។ សរុបចំនួន ១០៥.៧៩គីឡូក្រាមនិង ៤.៣២លីត្រ ពីទីផ្សារ។
ជាមួយគ្នានេះដែរ សាខា ក.ប.ប. រាជធានីភ្នំពេញ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យសុវត្ថិម្ហូបអាហារ នៅក្នុងផ្សារបឹងកេងកង រាជធានីភ្នំពេញ ដោយបានដកយកសំណាកគំរូទំនិញម្ហូបអាហារចំនួន ៤៥គំរូ យកមកវិភាគលើរថយន្តមន្ទីរពិសោធន៍ចល័ត។ ជាលទ្ធផលប្រសើរ មន្ត្រីជំនាញពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ណាមួយនៅលើសំណាកគំរូម្ហូបអាហារទាំងនោះទេ។
គួរបញ្ជក់ផងដែរថា មន្ត្រី ក.ប.ប. បន្តអនុវត្តច្បាប់ ក៏ដូចជាបន្តណែនាំដល់អាជីវករអំពីច្បាប់នឹងបទប្បញ្ញត្តិនានា ជាពិសេសច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដើម្បីបន្តបញ្ជ្រាបការយល់ដឹង និងជំរុញឱ្យមានការចូលរួមអនុវត្តច្បាប់ពីគ្រប់មជ្ឈដ្ឋាន៕ ដោយ៖សហការី