ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅរសៀលថ្ងៃពុធទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ-ខេត្ត បានបន្តចុះធ្វើការចុះត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់នៅតាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈនានា ដើម្បីការស្វែងរកនូវបទល្មើសមិនសុចរិតណាមួយក្នុងវិស័យប្រេងឥន្ធនៈ។
ជាក់ស្ដែងនៅថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២២ មន្រ្តីសាខា ក.ប.ប. ប្រចាំនៅរាជធានី និងខេត្តចំនួន៦ បានដឹកនាំកម្លាំងជំនាញ ចុះត្រួតពិនិត្យអនុលោមភាពនៃអាជីវកម្មប្រេងឥន្ធនៈ ដែលស្ថិតនៅតាមទីតាំង និងទីប្រជុំជនសំខាន់ៗនៃរាជធានី ខេត្តខាងលើ តាមរយៈការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យប្រេងឥន្ធនៈ(PumpWatch)។
ក្នុងប្រតិបត្តិការនោះ យោងតាមលទ្ធផលពីមន្ត្រីជំនាញ ដេប៉ូប្រេងឥន្ធនៈចំនួន ៣ទីតាំង ត្រូវបានរកឃើញថាពុំមានអនុលោមភាពផ្នែកបរិមាណ ក្នុងចំណោមស្ថានីយ ដេប៉ូសរុបចំនួន២៥ ដែលបានត្រួតពិនិត្យ។ ម្ចាស់អាជីវកម្មដែលប្រពឹ្រត្តល្មើសនឹងច្បាប់ ត្រូវបានមន្ត្រីជំនាញពិន័យអន្តរការណ៍ស្របតាមនីតិវិធី។
ប្រភពដដែលបន្តថា ការស្វែងរក និងត្រួតពិនិត្យជាប្រចាំនេះគឺមានគោលបំណងការពារសិទ្ធិអ្នកប្រើប្រាស់ ទប់ស្កាត់អំពើមិនសុចរិតក្នុងវិស័យមួយនេះ ជាពិសេសគឺអនុវត្តស្របតាមច្បាប់ការពារអ្នកប្រើប្រាស់ រួមទាំងច្បាប់ផ្សេងទៀតផងដែរ៕ ដោយ៖សហការី