អ្នកជំនាញទេសចរណ៍ប្រមាណ ៤០០រូប ក្នុងខេត្តបាត់ដំបង នឹងទទួលបានការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា សម្រាប់ឆ្នាំ២០២៣ខាងមុខ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក Christian Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact និងលោក ឆាយ ម៉ាទីណាល់ អភិបាលរងនៃគណៈខេត្តបាត់ដំបង បាន អញ្ញើញជាអធិបតីក្នុងពិធីប្រកាសឲ្យដំណើរការជាផ្លូវការកម្មវិធីអភិវឌ្ឍន៍ជំនាញ (Skills Development Programme) សម្រាប់ខេត្តបាត់ដំបង សម្រាប់ឆ្នាំ២០២១-២០២៤ ដោយមានសមាសភាពចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត ប្រតិបត្តិករទេសចរណ៍ និងអ្នកជំនាញទេសចរណ៍សរុបប្រមាណ ១០០រូប។

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការ Swisscontact ដែលបានសហការយ៉ាងជិតស្និតជាមួយក្រសួងទេសចរណ៍ក្នុងការគាំទ្រលើកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ដែលកន្លងមកកម្មវិធីបណ្តុះបណ្តាលនេះបានធ្វើការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍សរុបចំនួនប្រមាណ ៣.០០០រូប ចាប់ពីឆ្នាំ២០១៧ ដល់២០២១ នៅតាមខេត្តគោលដៅភូមិភាគឥសាន្តរួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរី ហើយបច្ចុប្បន្នបានពង្រីកការបណ្តុះបណ្តាលមកកាន់ខេត្តចំនួន ៥ទៀតនៅជុំវិញបឹងទន្លេសាបរួមមានខេត្ត៖ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ។ ឯកឧត្តមរដ្ឋលេខាធិការបានស្នើឲ្យ ម្ចាស់អាជីវកម្មទាំងអស់ក្នុងខេត្តពិនិត្យលទ្ធភាពជំរុញការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបន្ថែមដល់អ្នកជំនាញទេសចរណ៍ឲ្យបានកាន់តែផុលផុស នូវគ្រប់ទម្រង់នៃការបណ្តុះបណ្តាល ជាពិសេសការបណ្តុះបណ្តាលខាងក្នុងមូលដ្ឋានអាជីវកម្ម (In-house training) ដែលបង្រៀនដោយគ្រូបង្គោល ហូកា និងសូមចាត់បញ្ជូនបុគ្គលិកឲ្យចូលរួមវគ្គបណ្តុះបណ្តាលខាងលើឲ្យបានផុលផុស ខណៈកម្មវិធីបណ្តុះបណ្តាលខាងលើគឺឥតគិតថ្លៃ ដែលអាចឲ្យលោក លោកស្រីមានធនធានមនុស្សល្អៗបន្ថែមទៀតដើម្បីពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឲ្យបានកាន់តែល្អប្រសើរ និងកើនប្រាក់ចំណូលផងដែរ។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ. បានឲ្យដឹងថា ការដាក់ បញ្ចូលខេត្តបាត់ដំបងទៅក្នុងគោលដៅគម្រោងសម្រាប់ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនេះ គឺជាយុទ្ធសាស្ត្រមួយរបស់ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ដើម្បីជំរុញលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្ត ឲ្យបានកាន់ល្អប្រសើរតាមរយៈការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់បុគ្គលិក ដែលសម្រាប់ឆ្នាំ២០២៣ខាងមុខនេះគម្រោងនឹងផ្តល់ការបណ្តុះ បណ្តាលដល់គ្រូបង្គោលចំនួន ៦០រូប និងអ្នកជំនាញទេសចរណ៍ចំនួន៣៥០នាក់ លើជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ការិយាល័យជួរមុខ គេហកិច្ច និងជំនាញឆុងកាហ្វេ។

លោក លោក Christain Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ ស្វីសខនថាក់ បានថ្លែងថា ខេត្តបាត់ដំបង ជាគោលដៅថ្មីរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញដែលអង្គការ ស្វីសខន់ថាក់ កំពុងយកចិត្តទុកដាក់ សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តបាត់ដំបង ក្នុងការផ្តល់នូវច្រកសិក្សាជំនាញវិជ្ជាជីវៈដល់យុវជន យុវនារី និងអ្នកជំនាញកម្រិតទាបក្នុងខេត្ត ដើម្បីទទួលបាលឱកាសការងារ និងបង្កើនប្រាក់ចំណូលសមរម្យ ក៏ដូចជាចូលរួមពង្រឹងសមត្ថភាពមន្ត្រីជំនាញមន្ទីរទេសចរណ៍ ដើម្បីមានមូលដ្ឋានធនធានគ្រូបង្គោលសម្រាប់និរន្តភាពការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចក្នុងខេត្តបាត់ដំបងផងដែរ។លោកបានបន្តទៀតថា អង្គការស្វីសខន់ថាក់ នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិជាមួយដៃគូរអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដើម្បីគៀងគរប្រភពធនធាននិងបច្ចេកទេស សំដៅគាំទ្រការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា នេះឲ្យបានកាន់តែច្រើនបន្ថែមទៀត ជាពិសេសការពង្រីកវិសាលភាពទៅកាន់ខេត្តផ្សេងៗទូទាំងប្រទេស។

សូមរំលឹកផងដែរថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ជាសមាសធាតុមួយរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដែលទទួលបានការគាំទ្រថវិកាពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) អនុវត្តគម្រោង ដោយអង្គការ ស្វីសខន់ថាក់ ដោយគាំទ្រក្រសួងទេសចរណ៍តាមរយៈគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដើម្បីធ្វើការបណ្តុះ បណ្តាលជំនាញបដិសណ្ឋារកិច្ចដល់យុវជន យុវនារី អ្នកជំនាញកម្រិតទាប ម្ចាស់អាជីវកម្ម និងសហគមន៍ទេសចរណ៍ នៅខេត្តចំនួន ១០នៅភូមិភាគឥសាន្ត និងជុំវិញបឹងទន្លេសាប៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print