ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល អភិបាលនៃគណៈអភិបាលស្រុកនិងជាប្រធានគណបក្សប្រជាជនស្រុករមាសហែកបានថ្លែងថា ទីណាមានទុក្ខលំបាក ទីនោះតែងមានគណបក្សប្រជាជនកម្ពុជានៅគៀកកិតបងប្អូនប្រជាពលរដ្ឋជានិច្ច។ ការថ្លែងបែបនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពិធីជួបសំណេះសំណាលជាមួយលោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋនៅភូមិព្រៃផ្តៀក ឃុំក្រសាំង ស្រុករមាសហែក ចំនួន៣២៥នាក់។ លោកបានបន្ថែមថា នៅគ្រប់កាលៈទេសៈទាំងអស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា ជានិច្ចកាលសម្ដេចតែងតែគិតគូរដល់សុខទុក្ខការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងដំណាក់កាលដែលបងប្អូនទាំងអស់កំពុងជួបការលំបាកក្នុងសេដ្ឋកិច្ចគ្រួសារ ដោយសារវិបត្តិកូវីដ-១៩ សម្តេច តែងបានឧបត្ថម្ភគ្រប់បែបយ៉ាង រហូតមកដល់បច្ចុប្បន្ននេះ។ ដោយសារយុទ្ធសាស្ត្រស្រោចវ៉ាក់សាំងរបស់សម្តេចតេជោទទួលបានជោគជ័យទើបធ្វើឱ្យយើងអាចបើកដំណើរការប្រទេសជាតិឡើងវិញលើគ្រប់វិស័យ ហើយបងប្អូន ក៏អាចប្រកបរបររកទទួលទាន លើកកម្ពស់ជីវភាពគ្រួសារបានកាន់តែប្រសើរឡើងវិញដែរ។
លោក ស៊ូ ម៉ុល ជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុករមាសហែកបន្តការខិតខំអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចជូនបងប្អូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងស្នើដល់បងប្អូនប្រជាពលរដ្ឋសូមអញ្ជើញពិនិត្យឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ឱ្យបានគ្រប់គ្នានិងជំរុញដល់បងប្អូនប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណរបស់ខ្លួនហួស សុពលភាពសូមអញ្ជើញមកធ្វើថ្មីនិងពុកម៉ែបងប្អូនចាស់ក្មេងនាំគ្នាមកចាក់វាក់សាំងឱ្យបានគ្រប់ៗគ្នា។បន្ទាប់មកដើម្បីជារបស់កំដរដៃ លោកអភិបាលស្រុករមាសហែកក៏បានចែកសារុងជូនដល់បងប្អូនប្រជាពលរដ្ឋ៣២៥នាក់ យ៉ាងស្និទ្ធស្នាលផងដែរ៕
ដោយសុថាន