ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថាក្នុងរយៈពេល១០ឆ្នាំខាងមុខចិននឹងមានក្បាលគ្រាប់បរមាណូបន្ថែម ១ពាន់គ្រាប់ទៀត។ បច្ចុប្បន្នចិនកំពុងតែធ្វើទំនើបកម្មឃ្លាំងអាវុធបរមាណូរបស់ខ្លួន។
តាមការលើកឡើងរបស់មន្ទីរបញ្ចកោណអាមេរិកបានឱ្យដឹងថា ចិនអាចនឹងមានក្បាលគ្រាប់បរមាណូនៅក្នុងស្ដុកកើនដល់ ១,៥០០គ្រាប់នៅឆ្នាំ២០៣៥ នេះប្រសិនបើទីក្រុងប៉េកាំងនៅតែបន្តរក្សាល្បឿនផលិតដូចពេលបច្ចុប្បន្ន។
នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារសប្ដាហ៍នេះ មន្ត្រីការពារជាតិអាមេរិកជាន់ខ្ពស់ម្នាក់បានឱ្យដឹងថា តាមរបាយការណ៍របស់មន្ទីរបញ្ចកោណដែលគ្របដណ្ដប់លើ
សកម្មភាពនានាក្នុងឆ្នាំ២០២១បានបង្ហាញថា ចិនបច្ចុប្បន្នមានក្បាលគ្រាប់នុយក្លេអ៊ែរនៅក្នុងស្ដុកជាង៤០០គ្រាប់ ហើយតាមការព្យាករថា ចិនអាចនឹងមានក្បាលគ្រាប់នុយក្លេអ៊ែរជាង១,០០០គ្រាប់ នៅឆ្នាំ២០៣៥ គឺធ្វើឡើងដោយផ្អែកលើល្បឿនផលិតដែលគ្មានការប្រែប្រួលនាពេលសព្វថ្ងៃ។
ចិនធ្លាប់បានលើកឡើងជារឿយៗថាខ្លួនមានក្បាលគ្រាប់នុយក្លេអ៊ែរតិចជាងឆ្ងាយបើធៀបទៅនឹងសហរដ្ឋអាមេរិកនិងរុស្ស៉ី ហើយថាខ្លួនត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសន្ទនា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន យល់ព្រមកាត់បន្ថយចំនួនក្បាលគ្រាប់នុយក្លេអ៊ែរឱ្យនៅត្រឹមកម្រិតស្មើនឹងចិន។ បើតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល (Stockholm International Peace Research Institute (SIPRI) សហរដ្ឋអាមេរិកត្រូវបានគេ រាយការណ៍ថា មានស្ដុកក្បាលគ្រាប់នុយក្លេអ៊ែរ៣,៧០០គ្រាប់ ហើយក្នុងនោះ១,៧៤០គ្រាប់ត្រូវបានដាក់ពង្រាយជាស្រេច៕ ដោយធីរីណា
រូបថត :REUTERS