អ៊ុយក្រែនបាននិយាយកាលពីថ្ងៃទី២៩ ខែវិច្ឆិកាថា ខ្លួនបានទទួលប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតជាច្រើនពីប្រទេសបារាំង ដោយបន្ថែមទៅលើឃ្លាំងអាវុធកាំភ្លើងធំរយៈចម្ងាយឆ្ងាយរបស់ខ្លួន។
រដ្ឋមន្ត្រីការពារជាតិ Oleksiy Reznikov បានសរសេរនៅលើ Twitter ថា “ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត LRU ពីប្រទេសបារាំងបានមកដល់អ៊ុយក្រែនហើយ កងទ័ពអ៊ុយក្រែនត្រូវបានពង្រឹងអាវុធ កាន់តែច្រើន” ។ LRU ដែលផ្គត់ផ្គង់ដោយបារាំង គឺជាប្រព័ន្ធរ៉ុក្កែតបាញ់បង្ហោះច្រើនគ្រាប់ (MLRS)ទីបួន បន្ទាប់ពី HIMARS, M270 និង MARS II ដែលត្រូវផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែនដោយបណ្តាប្រទេសលោកខាងលិច។
ក្នុងពេលនេះដែរ អតីតប្រធានាធិបតីរុស្ស៊ី លោក (Dmitry Medvedev នៅថ្ងៃអង្គារសប្តាហ៍នេះបានព្រមានប្រឆាំងអង្គការណាតូ (NATO) ចំពោះគម្រោងផ្តល់ប្រព័ន្ធការពារមីស៊ីលប៉ាទ្រីយ៉ូត (Patriot) ដល់អ៊ុយក្រែន និងបានថ្កោលទោសបក្សសម្ព័ន្ធយោធាមួយនេះថាជា «អង្គភាពឧក្រិដ្ឋកម្ម» សម្រាប់ការផ្ដល់អាវុធឱ្យទីក្រុងកៀវ ដែលលោកហៅថាជារបបជ្រុលនិយម។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក ម៉េដវ៉េដេវ បានសរសេរនៅលើបណ្តាញតេឡេក្រាមយ៉ាងដូច្នេះថា «ប្រសិនបើ ណាតូ (NATO) ពិតជាផ្គត់ផ្គង់របបជ្រុលនិយមអ៊ុយក្រែន ជាមួយនឹងប្រព័ន្ធការពារមីស៉ីល Patriot ដូចដែលអគ្គលេខាធិការអង្គការណាតូ លោក ជេន ស្តូលធិនបឺគ (Jens Stoltenberg)បានណែនាំពិតមែន នោះ ពួកគេនឹងក្លាយទៅជាគោលដៅស្របច្បាប់នៃកងកម្លាំងប្រដាប់អាវុធរបស់យើងភ្លាមៗ»។ លោក ម៉េដវ៉េដេវ បានបន្ថែមថា «ពិភពលោកស៊ីវិល័យ មិនត្រូវការអង្គការបែបនេះឡើយ ហើយអង្គភាពឧក្រិដ្ឋកម្មបែបនេះគួរតែត្រូវបានរំលាយចោល»។
អ៊ុយក្រែនបានស្នើសុំសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនឱ្យផ្តល់ប្រព័ន្ធការពារដែនអាកាស រួមទាំងប្រព័ន្ធ Patriot ដែលផលិតដោយ សហរដ្ឋអាមេរិក ដើម្បីការពារខ្លួន និងទប់ស្កាត់ការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន៕ ដោយធីរីណា
រូបថត : zingnews.vn