ខេត្តកំពង់ស្ពឺ៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃពុធទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានចុះស្រាវជ្រាវបង្រ្កាបករណីក្លែងឯកសារសាធារណៈ អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅស្នាក់នៅ(ក២) មួយកន្លែងស្ថិតនៅភូមិវត្ដភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
របាយការណ៍ដដែលបន្តថា ក្នុងប្រតិបត្តិការនោះ ក្រោមការបញ្ជាលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ដ បានធ្វេីឡេីងកាលពីថៃ្ងទី២៩ ខែវិច្ឆិកាម្សិលមិញនេះ ដោយមានកិច្ចសម្របសម្រួលពីលោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ។
ប្រភពដដែលបន្តថា យោងតាមអង្គហេតុបានបញ្ជាក់ថា៖ កាលពីវេលាម៉ោង ១១ និង៣០នាទីព្រឹកថៃ្ងទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានចុះត្រួតពិនិត្យលេីឯកសារឈ្មោះ ភាន់ នីតា ភេទស្រី ឆ្នាំកំណើត០៦.០៩.២០០៤ សៀវភៅស្នាក់នៅលេខ28858 ក.ស្ព ប.ក្បាល10 ទំព័រ118 ចុះថ្ងៃទី08 ខែកញ្ញាឆ្នាំ2011ឈ្មោះខាងលេីយកឯកសារសៀវភៅស្នាក់នៅមកធ្វេីអត្ដសញ្ញាណប័ណ្ណគំរូថ្មីនៅច្រកចេញចូលសាលាស្រុកសំរោងទង មន្រ្តីជំនាញពិនិត្យលេីឯកសារឃេីញថាឯកសារនេះខុសឈ្មោះអធិការនគរបាលស្រុកសំរោងទង ហត្ថលេខានិងត្រាវរសេនីយ៍ត្រី កឹម សុវណ្ណ ខុសពីឈ្មោះអធិការស្រុកបច្ចុប្បន្ន។
ជាលទ្ធផល៖ មន្រ្ដីជំនាញបានសាកសួរឈ្មោះ ភាន់ នីតា ពាក់ព័ន្ធសៀវភៅស្នាក់នៅខាងលេី ភាន់ នីតា បានឆ្លេីយថាសៀវភៅនេះខ្លួននិងម្ដាយបានឱ្យឈ្មោះ រុន ភ័ក មុខរបរ ជាអ្នកថតចម្លងនិងបោះពុម្ព នៅភូមិវត្ដភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ អ្នកកែនិងធ្វេីឱ្យ ក្នុងនោះផងដែរជំនាញបានរកឃេីញឯកសារអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹកក្លែងក្លាយដែលប្រេីឈ្មោះ ភាន់ នីតា។
យោងតាមការបំភ្លឺឈ្មោះ ភាន់ ភានី និងឈ្មោះ ឡៃ សុខវុន ត្រូវជាម្ដាយបានសារភាពថាពិតជាឯកសារក្លែងក្លាយពិតប្រាកដមែន សមត្ថកិច្ចបានស្នេីសុំគោលការណ៍ពីលោកជំទាវព្រះរាជអាជ្ញាឆែកឆេរទីតាំងថតចម្លងបោះពុម្ព ឈ្មោះ រុន ភ័ក រកឃេីញម៉ាសុីនកុំព្យូទ័រ ២ឈុត ,ម៉ាសុីព្រីន ៤គ្រឿង ,ម៉ាសុីនអ៊ុតកាត ១គ្រឿង ម៉ាសុីនថតរូប ១គ្រឿង ,ឧបករណ៍កាត់ក្រដាស ១គ្រឿង ផ្លាស់មេម៉ូរីកាត ៣ ,ក្រណាត់ថតរូបនិងអំពូល ៣ ,ក្រដាសផលិតអត្ដសញ្ញាណប័ណ្ណចំនួន១ដុំ ,ថង់ផ្លាស្ទីកអ៊ុតកាត ១ប្រអប់ ,ស្ទិកឃ័រ ១គូ ។
ឈ្មោះ រុន ភ័ក សារភាពថាខ្លួនពិតជាបានធ្វេីឯកសារសៀវភៅស្នាក់នៅនិងអត្ដសញ្ញាណប័ណ្ណ ជូនឈ្មោះ ភាន់នីតា ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្រ្តីជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕ ដោយ៖សហការី