នាយឧត្ដមសេនីយ៍ វង្ស ពិសេន ទទួលជួបពិភាក្សាការងារជាមួយសេនានុព័ន្ធចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយលោក វរសេនីយ៍ឯក JAMIE MURRAY សេនានុព័ន្ធចក្រភពអង់គ្លេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅសាធារណរដ្ឋសិង្ហបុរី។

ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ វង្ស សេន បានជម្រាបជូនសេនានុព័ន្ធចក្រភពអង់គ្លេស ពីសភាពការណ៍មួយចំនួននៅព្រះរាជាណាចក្រកម្ពុជា ដែលកំពុងគ្របដណ្ដប់ដោយសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ សន្តិសុខល្អប្រសើរ បង្កលក្ខណៈគ្រប់បែបយ៉ាងដល់ការអភិវឌ្ឍ និងការវិនិយោគ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ពីស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា ដែលមកដល់ពេលនេះគ្រប់គ្រងបានល្អ រាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញយ៉ាងទូលំទូលាយ បង្កលក្ខណៈងាយស្រួលដល់ការចេញចូលក្នុងប្រទេស។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេសដែលមានតាំងពីឆ្នាំ១៩៥៣ ហើយបច្ចុប្បន្នអង់គ្លេសនៅតែបន្តរួមចំណែកអភិវឌ្ឍន៍ដល់កម្ពុជា លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល ការបោសសម្អាតមីន និងវិស័យអប់រំ ពិសេសការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ។

ជាមួយនឹងការថ្លែងអំណរគុណ​ចំពោះ​ជំនួយ​ឧបត្ថម្ភ​របស់ចក្រភព​អង់គ្លេស នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គមេបញ្ជាការ ក៏បានលើកឡើង​នូវ​សំណូមពរ​មួយចំនួនតាមរយៈ​សេនានុព័ន្ធ ក្នុង​នោះការបង្កើតឲ្យមាននិវេសនដ្ឋានយោធាចក្រភពអង់គ្លេសនៅកម្ពុជា និងការជួយ​បណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ជាដើម។

ជាការឆ្លើយតប វរសេនីយ៍ឯក JAMIE MURRAY បានសន្យាថានឹងនាំយកសំណូមពររបស់នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ទៅជម្រាបជូនដល់ក្រុមការងារនៅចក្រភពអង់គ្លេស និងបានអបអរសាទរចំពោះជោគជ័យការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងនោះក៏មានការចូលរួមយ៉ាងសកម្មរបស់កងយោធពលខេមរភូមិន្ទផងដែរ។

វរសេនីយ៍ឯក JAMIE MURRAY បានគូសបញ្ជាក់ថា ទោះបីទំនាក់ទំនងយោធារវាងប្រទេសទាំងពីរមានរយៈពេលខ្លី ប៉ុន្តែមានលក្ខណៈរីកចម្រើនជាលំដាប់ ហើយថ្មីៗនេះអង់គ្លេសបានទទួលនិស្សិតយោធាកម្ពុជាមួយរូបឲ្យទៅសិក្សានៅចក្រភពអង់គ្លេស និងបច្ចុប្បន្នកំពុងបន្តជួយបណ្ដុះបណ្ដាលឆ្នាំសមុទ្រ និងនិស្សិតដែលត្រៀមទៅសិក្សានៅប្រទេសព្រុយណេ។

លោក វរសេនីយ៍ឯក JAMIE MURRAY បានជម្រាបជូននាយឧត្តមសេនីយ៍ វង្ស ពិសេន ថា នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ នាវារបស់ចក្រភពអង់គ្លេសមួយគ្រឿងនឹងចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ក្រោមការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ហើយលោក វរសេនីយ៍ឯក បានគោរពអញ្ជើញនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ចូលរួមក្នុងកម្មវិធីទទួលនាវានោះផងដែរ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print