ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០១ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ សត្វឆ្មាព្រៃ (Jungle cat) Felis chaus ជាប្រភេទមំសាសត្វមួយក្នុងចំណោមត្រកូលខ្លាទាំង ៧ប្រភេទ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា។
លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ឆ្មាព្រៃមានវត្តមានភាគច្រើននៅក្នុងតំបន់ការពារធម្មជាតិនៃតំបន់ការពារទេសភាពខ្ពង់រាបភាគខាងកើត និងតំបន់ការពារទេសភាពខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា។
លោកអ្នកនាំពាក្យ បានថ្លែងបន្តថា សត្វឆ្មាព្រៃ តាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវកន្លងមកបង្ហាញថា នៅក្នុងប្រទេសកម្ពុជា សត្វឆ្មាព្រៃ វាចូលចិត្តរស់នៅក្នុងព្រៃល្បោះ។ សត្វឆ្មាព្រៃ ភាគច្រើនស៊ីសត្វជាចំណីដែលដូចជា ពពួកថនិកសត្វមាឌតូច (ដូចជាទន្សាយ កណ្តុរ កំប្រុក ជាដើម) និងសត្វស្លាបផងដែរ។
សូមជម្រាបដែរថា កាលពីម្សិលមិញនេះ លោក នេត្រ ភក្ត្រា ក៏បានបង្ហាញពីឆ្មាដាវ (Prionailurus bengalensis) ឈ្មោះអង់គ្លេស៖ Leopard Cat មានសម្បុរលឿង-ត្នោត រាយរោមអុចៗពណ៌ខ្មៅ ហើយវារស់នៅស្ទើគ្រប់ប្រភេទព្រៃ និងព្រៃឈើដាំ។ វាជាសត្វដែលមិនកាចសាហាវចំពោះមនុស្ស និងពូកែហែលទឹកណាស់។ ឆ្មាដាវមានវត្តមាននៅភាគឦសាន និងនិរតីនៃប្រទេសកម្ពុជា។ ឆ្មាដាវស្ថិតក្នុងក្រុមប្រភេទសត្វមានដោយបង្គួរ និងចុះក្នុងបញ្ជីក្រហម IUCN (LC) ជាប្រភេទរងគ្រោះថ្នាក់តិចតួច៕ ដោយ៖សហការី