ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រារព្ធពិធីអបអរសាទរ ខួប ១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុន មីនីបៀ Minebea(Cambodia) របស់ជប៉ុននៅក្នុងប្រទេសកម្ពុជា។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ មានដូចខាងក្រោម៖
– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចធ្លាប់ត្រូវបានគេផ្តល់យោបល់អោយបដិសេដក្រុមមីនីបៀរបស់ជប៉ុន ដោយគេបញ្ជាក់ថា ក្រុមហ៊ុននោះជាក្រុមហ៊ុនតូច និងមិនមានសក្តានុពល។
– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាល គាំពារការវិនិយោគបរទេសនៅប្រទេសកម្ពុជា មិនមែនសំដៅតែទៅលើក្រុមជប៉ុននោះឡើយ ដែលសកម្មភាពទាំងនេះ គឺជាគោលនយោបាយ ដើម្បីទាក់ទាញវិនិយោគិននៅកម្ពុជាកាន់តែមានចំនួនច្រើន។
– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាត្រូវការការវិនយោគពីក្រៅប្រទេស មិនថា ក្រុមហ៊ុននោះតូច ឬក៏ធំនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ត្រីណាមកមុន យើងនឹងចាប់ទទួលទានមុន, ត្រីណាមកក្រោយ យើងទទួលទានពេលក្រោយ»។
– សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីគោលនយោបាយជាតិ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩លើប្រជាពលរដ្ឋដោយមិនគិតថ្លៃ និងវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការ ៣ការពារ និង៣ កុំផងដែរ។
– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បញ្ហាកូវីដ-១៩ ប្រភេទ«អូមីក្រុង» បានឆ្លងរីករាលដាលគ្រប់ស្រទាប់មហាជនទាំងអស់ មិនថាអ្នកធំ ឬអ្នកតូច ,អ្នកមាន ឬអ្នកក្រនោះឡើយ។ សម្តេចតេជោ ហ៊ុន សែនប្រកាសថា «អ្វីដែលយើងឈ្នះកូវីដ-១៩ គឺគោលនយោបាយចាក់វ៉ាក់សាំងស្រោចទៅលើប្រជាពលរដ្ឋ»។
– សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អភិបាលរាជធានីខេត្ត ស្រុក ខណ្ឌទាំងអស់ទូទាំងប្រទេស សូមគិតឱ្យបានដិតដល់ទៅលើការប្រើប្រាស់បរិក្ខាអគ្គិសនីវៃឆ្លាត ដើម្បីប្រសិទ្ធភាព នៃការប្រើប្រាស់ និងភាពសន្សំសំចៃខ្ពស់។
– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការវិនិយោគនៅកម្ពុជា កត្តាធំបំផុត គឺកត្តាសុខសន្តិភាព។ «គ្មាននរណា ឬបរទេសណាវិនិយោគក្រោមគ្រាប់បែក គ្រាប់ផ្លោងនោះទេ»។
– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅឆ្នាំ២០២៣ខាងមុខនេះ គឺជាឆ្នាំសំខាន់រវាងកម្ពុជា-ជប៉ុន។ សម្តេចប្រកាសថា សម្តេចមានមោទនភាពយ៉ាងខ្លាំង ដែលបានធ្វើការ និងភាពជាដៃគូជាមួយជប៉ុន។
-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា ក្រុមហ៊ុន Toyota នឹងដំឡើងរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ ដែលសមិទ្ធិផលទាំងអស់នេះ បានកើតឡើងជាបន្តបន្ទាប់ ដោយសារកត្តាសុខសន្តិភាព និងភាពអំណោយផលនៃការវិនិយោគនៅកម្ពុជា។
សូមជម្រាបថា ក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។ បច្ចុប្បន្នក្រុមហ៊ុនមានផលិតអំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ។ក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា នៅឆ្នាំ២០១៩ ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា មានរហូតដល់ទៅ ៤០០លានដុល្លារអាមេរិក និងផ្តល់ការងារជូនពលរដ្ឋខ្មែរបានជាង ៦ពាន់នាក់។ បច្ចុប្បន្នក្រុមហ៊ុននេះ បានដាក់ទុនវិនិយោគសរុបរហូតដល់ ១,១២៤ពាន់លានយេន ស្មើនឹងជាង ៨ពាន់លានដុល្លារ នៅ ៩៥កន្លែងទូទាំងពិភពលោក៕ដោយ៖សហការី