សម្ដេចតេជោ​ ហ៊ុន​ សែន​ មានប្រសាសន៍សំខាន់ៗ​ ក្នុងពិធីអបអរសាទរខួប១១ឆ្នាំ នៃ​ប្រតិបត្តិការ​របស់ក្រុមហ៊ុនមីនីបៀ

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ប្រារព្ធ​ពិធី​អបអរ​សាទរ​ ខួប ១១ឆ្នាំ នៃ​ប្រតិបត្តិការរបស់ក្រុមហ៊ុន មីនីបៀ Minebea(Cambodia) របស់​ជប៉ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ មានដូចខាងក្រោម​៖

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា សម្តេចធ្លាប់​ត្រូវ​បាន​គេ​ផ្តល់​យោបល់​អោយ​បដិសេដ​ក្រុម​មីនីបៀរបស់ជប៉ុន ដោយគេបញ្ជាក់ថា ក្រុមហ៊ុននោះជាក្រុមហ៊ុនតូច និង​មិន​មាន​សក្តា​នុពល​។

– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាល គាំពារ​ការ​វិនិយោគ​បរទេស​នៅ​ប្រទេស​កម្ពុជា មិនមែនសំដៅតែទៅលើក្រុមជប៉ុននោះឡើយ​ ដែលសកម្មភាពទាំងនេះ គឺជា​គោល​នយោបាយ ដើម្បីទាក់ទាញវិនិយោគិននៅកម្ពុជាកាន់តែមានចំនួនច្រើន។

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា កម្ពុជាត្រូវការការវិនយោគពីក្រៅប្រទេស មិនថា ក្រុមហ៊ុន​នោះតូច​ ឬក៏ធំនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ត្រីណាមកមុន យើង​នឹង​ចាប់​ទទួលទានមុន, ត្រីណាមកក្រោយ យើងទទួលទានពេលក្រោយ»។

– សម្តេចតេជោ ហ៊ុន សែន បា​នប្រកាសពីគោលនយោបាយជាតិ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាម​រយៈគោល​នយោបាយចាក់វ៉ាក់សាំងកូវីដ-១៩លើប្រជាពលរដ្ឋដោយមិនគិតថ្លៃ និងវិធានការនានា តាម​ការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការ ៣ការពារ និង៣ កុំផងដែរ។

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា បញ្ហាកូវីដ-១៩ ប្រភេទ«អូមីក្រុង» បាន​ឆ្លង​រីករាល​ដាល​គ្រប់​ស្រទាប់មហាជនទាំងអស់ មិនថាអ្នកធំ ​ឬអ្នកតូច​ ,អ្នកមាន​ ឬអ្នកក្រនោះឡើយ។ សម្តេចតេជោ ហ៊ុន សែនប្រកាសថា «អ្វីដែលយើងឈ្នះកូវីដ-១៩ គឺគោលនយោបាយចាក់វ៉ាក់សាំងស្រោចទៅលើប្រជាពលរដ្ឋ»។

– សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អភិបាលរាជធានីខេត្ត ស្រុក ខណ្ឌ​ទាំងអស់​ទូទាំង​ប្រទេស សូមគិតឱ្យបានដិតដល់ទៅលើការប្រើប្រាស់បរិក្ខាអគ្គិសនីវៃឆ្លាត ដើម្បីប្រសិទ្ធភាព នៃ​ការ​ប្រើប្រាស់ និងភាពសន្សំសំចៃខ្ពស់។

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា ការវិនិយោគនៅកម្ពុជា កត្តាធំបំផុត គឺកត្តាសុខសន្តិភាព។ «គ្មាន​នរណា ឬបរទេសណាវិនិយោគក្រោមគ្រាប់បែក គ្រាប់ផ្លោងនោះទេ»។

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា នៅឆ្នាំ២០២៣ខាងមុខនេះ គឺជាឆ្នាំសំខាន់រវាងកម្ពុជា-ជប៉ុន​។ សម្តេចប្រកាសថា សម្តេចមានមោទនភាពយ៉ាងខ្លាំង ដែលបានធ្វើការ និងភាព​ជាដៃ​គូ​ជា​មួយ​ជប៉ុន។

-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា ក្រុមហ៊ុន Toyota នឹង​ដំឡើង​រោង​ចក្រ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ ដែលសមិទ្ធិផលទាំងអស់នេះ បាន​កើត​ឡើងជាបន្តបន្ទាប់ ដោយសារកត្តាសុខសន្តិភាព និងភាព​អំណោយ​ផល​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា។

...

សូមជម្រាបថា​ ក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែល​បាន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ផលិត​អំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ។ក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា នៅ​ឆ្នាំ​២០១៩ ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា មានរហូតដល់ទៅ ៤០០លានដុល្លារអាមេរិក និង​ផ្តល់​ការ​ងារជូនពលរដ្ឋខ្មែរបានជាង ៦ពាន់នាក់។ បច្ចុប្បន្នក្រុមហ៊ុននេះ បាន​ដាក់​ទុន​វិនិយោគ​សរុប​រហូត​ដល់ ១,១២៤ពាន់លានយេន ស្មើនឹងជាង ៨ពាន់លានដុល្លារ នៅ ៩៥​កន្លែង​ទូទាំង​ពិភព​លោក៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print