ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបង្ហើបថា កាលពីពេលថ្មីៗនេះ មានកងកម្លាំងរក្សាសន្តិភាពកម្ពុជា ចំនួន៣នាក់ បានរងរបួស នៅពេលដែលកំពុងបំពេញបេសកកម្មបេសកកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសមាលី ។
ការបង្ហើបអំពីដំណឹងនេះ បានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីប្រារព្ធខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ របស់ជប៉ុន នៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានមាន ប្រសាសន៍ថា «កងទ័ពយើងក្នុងប៉ុន្មានថ្ងៃមុននេះ របួស៣នាក់ ក្នុងប្រទេសម៉ាលី ដោយសារការដាក់មីនស្កាត់ផ្លូវ ក្នុងពេលដែលកងទ័ពរបស់យើងធ្វើដំណើរ»។
បើតាមការឱ្យដឹងពី មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកម្ពុជា៖ កម្លាំងរក្សាសន្តិភាពកម្ពុជា៣រូបដែលបានរងរបួសដោយរថយន្ត MPV ជាន់ផ្ទុះគ្រាប់មីនកែច្នៃ IED នោះ រួមមានទី១.ព្រិន្ទបាលត្រី ពេញ រស្មី អ្នកបើកបររថយន្ត (មិនទាន់ទទួលបានព័ត៌មានលំអិត)ទី២.ព្រិន្ទបាលត្រី ម៉ី គឹមថុង បុគ្គលិកពេទ្យ របួសក្បាលស្រាល និងទី៣.ព្រិន្ទបាលត្រី ម៉ែន ថារ៉ា បុគ្គលិកស្រាវជ្រាវរុករក ថ្លោះចង្កេះ របួសធ្ងន់មិនទាន់កំរើកខ្លួនបាន។
បច្ចុប្បន្ន យោធិនរងគ្រោះត្រូវបានសង្គ្រោះតាមឧទ្ធម្ភាគ ចក្រពីកន្លែងកើតហេតុដឹកជញ្ជូនទៅព្យាបាលទីបញ្ជា ការភូមិភាគខាងលិច Sector West (Tumbuktu) ដើម្បីទទួលការព្យាបាលនៅមន្ទីពេទ្យកម្រិត២ នីហ្សេរីយ៉ា។
សូមបញ្ជាក់ថា បច្ចុប្បន្នកងទ័ពមួកខៀវរបស់កម្ពុជា ជាង៨០០នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាព UNស្ថិតនៅប្រទេស៤ ដែលក្នុងនោះរួមមានប្រទេសលីបង់ ស៊ូដង់ខាងត្បូង ម៉ាលី និងអាហ្វ្រិកកណ្តាល៕ដោយ៖ សូរិយា