ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានសង្ឃឹមថា ៖ អាស៊ាន មិនថានៅកម្រិតថ្នាក់ជាតិ ឬកម្រិតថ្នាក់ក្រោមជាតិ នៅតែបន្តពង្រឹង និងពង្រីកស្មារតី នៃកិច្ចសហប្រតិបត្តិការរួមគ្នានេះ ដើម្បីប្រជាជាតិអាស៊ាន ប្រជាជន នៃបណ្តារាជធានី រដ្ឋធានីអាស៊ាន និងដើម្បីឈានទៅសម្រេចបាន សហគមន៍អាស៊ានមួយ ដែលកាន់តែមានភាពស្អិតរមួតលើគ្រប់វិស័យ ។
ក្នុងនាមជាម្ចាស់ផ្ទះរៀបចំ នៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិការអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayors Forum 2022) នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ លោក ឃួង ស្រេង មានប្រសាសន៍ថា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនាពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា អាស៊ាន មិនថានៅកម្រិតថ្នាក់ជាតិ ឬកម្រិតថ្នាក់ក្រោមជាតិ នៅតែបន្តពង្រឹង និងពង្រីកស្មារតី នៃកិច្ចសហប្រតិបត្តិការរួមគ្នានេះ ដើម្បីប្រជាជាតិអាស៊ាន ប្រជាជន នៃបណ្តារាជធានី រដ្ឋធានីអាស៊ាន និងដើម្បីឈានទៅសម្រេចបាន សហគមន៍អាស៊ានមួយ ដែលកាន់តែមានភាពស្អិតរមួតលើគ្រប់វិស័យ ហើយតាមរយៈលទ្ធផលនៃវេទិកានិងកិច្ចប្រជុំនេះ យើងនឹងបន្តពិភាក្សា ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗរួមគ្នា ឲ្យកាន់តែមាន ប្រសិទ្ធភាព។
លោក ឃួង ស្រេង បានបន្តថា៖ នៅក្នុងកាលៈទេសៈនេះ កិច្ចសហប្រតិបត្តិការតាមរយៈ ការចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្តមមានុវត្តន៍ជាមួយគ្នា គឺជារឿងចាំបាច់ជាងពេលណាៗទាំងអស់ ដើម្បីធ្វើយ៉ាងណាអាចឲ្យ យើងធ្វើដំណើរទៅមុខរួមគ្នា ឈានទៅសម្រេចបានកំណើន និងវិបុលភាពរួម នៃទីក្រុងក្នុងតំបន់។
លោកឃួង ស្រេង បានបញ្ជាក់ថា៖ ហេតុនេះហើយប្រធានបទសម្រាប់ កិច្ចប្រជុំទាំងពីររបស់យើងនាពេលនេះ គឺសុទ្ធសឹងតែផ្តោតសំខាន់ លើកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីសម្រេចបាន គោលដីរយម ពោល គឺការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ជាពិសេសការឆ្លុះបញ្ចាំងពីមូលបទ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ ៤១ ដែលទើបកន្លងផុតទៅថ្មីៗនេះ គឺអាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) មានគោលបំណងពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងចំណោមរាជធានី និងរដ្ឋធានីអាស៊ានទាំង១០ ដើម្បីដោះស្រាយបញ្ហាប្រឈមមកលើ ផលប្យោជន៍ទៅវិញទៅមកនាពេលបច្ចុប្បន្ន និងដែលអាចកើតមានឡើង ព្រមទាំងស្វែងរក និងសម្រេចបានវិធីសាស្ត្រ និងភាពច្នៃប្រឌិតថ្មីៗ ឆ្ពោះទៅរកការកសាងទីក្រុង ប្រកបដោយភាពឆ្លាត មានភាពធន់ និងមានចីរភាព ។ ការណ៍នេះ នឹងរួមចំណែកដល់ការស្តារឡើងវិញ ឲ្យកាន់តែរឹងមាំ បន្ទាប់ពីការរីករាលដាល នៃជំងឺរាតត្បាតកូវីដ១៩ ។
រៀងរាល់ឆ្នាំរាជធានី ឬរដ្ឋធានីនៃបណ្តាប្រទេស ដែលជាម្ចាស់ផ្ទះអាស៊ាន តែងតែរៀបចំកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ខណៈវេទិកា AFM និងកិច្ចប្រជុំ MGMAC នេះ មានសារសំខាន់ក្នុងការអនុញ្ញាតិ ឲ្យបណ្តារដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងនៅថ្នាក់រាជធានី ឬរដ្ឋធានីខេត្ត ក៏ដូចជាក្រុង ស្រុក របស់ប្រទេសជាសមាជិកអាស៊ាន អាចជួបប្រជុំគ្នាជជែកលើ បញ្ហាប្រឈម ក៏ដូចជាចែករំលែកបទពិសោធន៍ល្អៗដែលខ្លួនមាន ដែលជាដំណោះស្រាយ អាចយកអនុវត្តបាន ជាពិសេសក្នុងកាលៈទេសៈ នៃ ការស្តារឡើងវិញរបស់ទីក្រុងនីមួយៗ នៅ ក្រោយវិបត្តិជំងឺកូវីដ១៩៕ ដោយ៖សំរិត