ខេត្តកណ្ដាល: មន្ត្រីយោធាម្នាក់ ជិះម៉ូតូត្រឡប់មកពីផឹកស៊ីវិញ ឃើញយុវជនម្នាក់កំពុងជិះកង់បានទាក់ពាក្យសម្តីគ្នា ធ្វើឲ្យមន្ត្រីយោធារូបនោះក្លាហាន ដកកាំភ្លើងបាញ់មេឃ១គ្រាប់ ដើម្បីគម្រាមគូរទំនាស់ តែនៅតែគូរទំនាស់មិនខ្លាច នៅតែដើរចូល ក៏បាញ់ដី១គ្រាប់ទៀត ចៃសន្យផ្លាតខ្ទាតមកត្រូវកំប៉េះគូថគូរទំនាស់រងរបួសយ៉ាងដំណំ។ករណីនេះ បានកើតឡើងនៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២៣និង៣០នាទី ចំណុចភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រី និច ភេទ ប្រុស អាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល (មានរបួសត្រង់កំប៉េះគូទខាងឆ្វេងចេញឈាម០១កន្លែង) ។ចំណែកជនសង្ស័យឈ្មោះ ហួ ចាន់ណា ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរ យោធា មានទីលំនៅភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ វត្ថុតាងចាប់យកមាន៖ កាំភ្លើងខ្លីម៉ាក CF98-9 ចំនួន០១ដើម
,បងកាំភ្លើងចំនួន ០១ ,គ្រាប់កាំភ្លើងចំនួន ០៥គ្រាប់ ,ប័ណ្ណសម្គាល់កាំភ្លើងខ្លី ០១សន្លឹក
និងលិខិតបញ្ជាបេសកកម្ម ០១សន្លឹក។
ប្រភពដដែលបន្តថា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២០និង០០នាទី ជនសង្ស័យបានដាក់កាំភ្លើងខ្លីម៉ាកCF98-9នៅចង្កេះខោ រួចជិះម៉ូតូទៅផឹកស្រាបៀរនៅផ្ទះរបស់ឈ្មោះ បារាំង ភេទប្រុស នៅភូមិឃុំកើតហេតុ ជាមួយឈ្មោះ ចៀម ចលនា ភេទប្រុស ។
ដល់ម៉ោង២៣:៣០នាទី ថ្ងៃដដែល ជនរងគ្រោះបានជិះកង់កាន់ស្នសំដៅមករកជនសង្ស័យ ឃើញដូចនោះជនសង្ស័យបាន និយាយថា ម៉េចបានអ្ហែងជិះកង់កាតេកាតឺអ៊ីចឹង ជនរងគ្រោះនិយាយថា អ្ហែងចង់យ៉ាងម៉េច ហើយជនរងគ្រោះឈប់កង់រួចដើរចូលយកស្នប្រុងចាក់ជនសង្ស័យ ភ្លាមនោះជនសង្ស័យបានដកកាំភ្លើងពីចង្កេះខោបាញ់ទៅលើ តែជនរងគ្រោះនៅតែដើរចូល ទើបជនសង្ស័យបាញ់កាំភ្លើងចុះក្រោម០១គ្រាប់បណ្តាលឲ្យគ្រាប់កាំភ្លើងផ្លាតត្រូវកំប៉េះគូទជនងគ្រោះចំហៀងខាងឆ្វេង បណ្តាលឲ្យមានរបួសចេញឈាម ហើយក្បាលគ្រាប់បៀមជាប់ខាងក្នុងសាច់ ភ្លាមនោះជនរងគ្រោះ បានស្រែកថា អូយៗឈឺណាស់ៗ រួចជិះកងចេញផ្ទះ ហើយក្រុមគ្រួសារយកជនរងគ្រោះទៅព្យាបាលរបួសនៅមុន្ទីរពេទ្យឯកជន យីហោ អេម៉ា ភូមិព្រែកល្វា ឃុំព្រែកតាកូវ និងរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ ។
ដល់ថ្ងៃទី០២.១២.២០២២ វេលាម៉ោង ៨:០០នាទី សមត្ថកិច្ចនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍ស្វាយជ្រំ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បាន ព្រមទាំងដកហូតវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តនីតិវិធី៕ ដោយ៖ ស្អាងជ័យ