Timor Leste – ប្រទេសក្មេងជាងគេនៅអាស៊ីអាគ្នេយ៍ ទើបតែសម្ពោធកំពង់ផែទឹកជ្រៅថ្មីមួយនៅឈូងសមុទ្រ Tibar ដោយបើកច្រកផ្លូវសមុទ្រថ្មីតភ្ជាប់ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក។
ស្ថិតនៅចម្ងាយប្រហែល ១២គីឡូម៉ែត្រពីរដ្ឋធានី Dili កំពង់ផែទឹកជ្រៅនៅ Tibar Bay គឺជាគម្រោងភាពជាដៃគូសាធារណៈ និងឯកជនដំបូងគេ ក៏ដូចជាគម្រោងទាក់ទាញការវិនិយោគបរទេសដ៏ធំបំផុតនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យ មកដល់ពេលនេះ កំពង់ផែមានតម្លៃ 490 លានដុល្លារ។ រដ្ឋាភិបាលទីម័រខាងកើតបានផ្តល់វិភាគទានចំនួន 135 លានដុល្លារ ហើយក្រុមហ៊ុនពហុឧស្សាហកម្មរបស់បារាំង Bolloré Group បានបណ្តាក់ទុនចំនួន 155 លានដុល្លារសម្រាប់ដំណាក់កាលដំបូងនៃគម្រោង។
បន្ទាប់ពីការសាងសង់អស់រយៈពេល៤ឆ្នាំ កំពង់ផែទឹកជ្រៅថ្មីរបស់ទីម័រខាងកើតត្រូវបានគេរំពឹងថានឹងអាចទទួលបាននាវាដែលមានសមត្ថភាពផ្ទុកកុងតឺន័រជាង 8,000 និងអាចផ្ទុកកុងតឺន័របានច្រើនជាង ២សែនក្នុងមួយឆ្នាំ។ នាវាដែលឆ្លងកាត់សិង្ហបុរី និងប្រទេសប្រជុំកោះឥណ្ឌូណេស៊ីទៅកាន់ប្រទេសអូស្ត្រាលីអាចចូលចតនៅកំពង់ផែទឹកជ្រៅនេះ។
កាលពីមុន រដ្ឋធានី Dili មានកំពង់ផែសមុទ្រដែរ ប៉ុន្តែវាមិនជ្រៅគ្រប់គ្រាន់ដើម្បីទទួលកប៉ាល់ដឹកទំនិញធំៗនោះទេ។ ដូច្នេះ កំពង់ផែសមុទ្រជ្រៅនៅឈូងសមុទ្រ Tibar ត្រូវបានគេរំពឹងថានឹងជួយទីម័រខាងកើតឱ្យក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់ ភ្ជាប់កាន់តែជិតស្និទ្ធជាមួយផ្លូវដឹកជញ្ជូនសំខាន់ៗនៅអាស៊ី។ ដោយហេតុនេះ សន្យាថានឹងបង្កើតការងារបន្ថែម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសដែលមានសេដ្ឋកិច្ចតូចជាងគេនៅអាស៊ីអាគ្នេយ៍។
កិច្ចខិតខំប្រឹងប្រែងរបស់ទីម័រខាងកើតក្នុងការពង្រីកការតភ្ជាប់ក្នុងតំបន់កើតឡើងក្នុងបរិបទដែលអាស៊ានទើបតែបានអនុម័តជាគោលការណ៍សម្រាប់ទីម័រខាងកើតក្លាយជាសមាជិកទី ១១ នៃប្រទេសអាស៊ាន៕ ដោយធីរីណា
រូបថត :vov.vn