បច្ចុប្បន្ននេះ អាហ្វហ្គានីស្ថានមានប្រជាជនច្រើនជាងគេបំផុតដែលជួបប្រទះបញ្ហាអសន្តិសុខស្បៀងក្នុងពិភពលោក ដែលមានមនុស្សជាង២៣លាននាក់ត្រូវការជំនួយ និងប្រហែល ៩៥% នៃប្រជាជនដែលគ្មានអាហារបរិភោគ។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌បានប្រកាសថា អាហ្វហ្គានីស្ថានបន្តប្រឈមមុខនឹងវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក ដោយមនុស្សប្រមាណ ២៨,៣ លាននាក់ត្រូវការជំនួយនៅឆ្នាំ២០២៣ ដែលបានកើនឡើងយ៉ាងខ្លាំងពី២៤,៤លាននាក់ក្នុងឆ្នាំ២០២២។
យោងតាម TOLOnews អាហ្វហ្គានីស្ថានកំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតរយៈពេលបីឆ្នាំជាប់ៗគ្នា និងវិបត្តិសេដ្ឋកិច្ចសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា។ ទន្ទឹមនឹងនេះ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បាននិយាយថា ជីវិតរបស់កុមារជាង៨០០០នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានកំពុងស្ថិតក្នុងគ្រោះថ្នាក់ដោយសារតែអសន្តិសុខស្បៀងអាហារ។
អង្គការសហប្រជាជាតិក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិផ្តល់វិភាគទានចំនួន៥ពាន់លានដុល្លារអាមេរិកដល់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីការពារគ្រោះមហន្តរាយមនុស្សធម៌ និងផ្តល់អនាគតសម្រាប់ប្រទេសដែលហែកហួរដោយសង្រ្គាម៕ ដោយធីរីណា
រូបថត : AFP