ខេត្តតាកែវ៖ លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានឱ្យដឹងថា សម័យប្រឡងថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ នៅទូទាំងខេត្តតាកែវ មានមណ្ឌលប្រឡងចំនួន១៧មណ្ឌល ក្នុងនោះថ្នាក់វិទ្យា សាស្ត្រមាន០៥មណ្ឌលនិងថ្នាក់វិទ្យាសាស្រ្ត១២មណ្ឌល ស្មើនឹងបន្ទប់ប្រឡង ៣៨៩បន្ទប់ និងមានបេក្ខជនសរុប ៩៥៧១នាក់ និងស្រី ៥០២២នាក់ ដោយ ឡែកបេក្ខជន ចំណេះទូទៅសរុប៨១៥៩នាក់ បេក្ខជនស្វៃរិនចំណេះទូទៅ ចំនួន ១១៦១នាក់ បេក្ខជនបំពេញវិជ្ជា ចំនួន ១៨៦នាក់ និងបេក្ខជនស្វៃបំពេញវិជ្ជាចំនួន ៦៥នាក់។
ព្រឹកថ្ងៃច័ន្ទទី ៥ ខែធ្នូ ឆ្នាំ២២០២នេះលោកស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ ព្រមទាំងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ២០២២ នៅវិទ្យាល័យជាស៊ីមតាកែវ។
ក្រសួងអប់រំយុវជននិងកីឡាបានកត់សម្គាល់ឃើញថា នាព្រឹកថ្ងៃទី១ នៃដំណើរការសំណេរនៃវិញ្ញាសាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានភាពស្ងប់ ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌល ដំណើរការប្រឡងបានប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់។
វិញ្ញាសាទី១នៅព្រឹកថ្ងៃទី១ នៃដំណើរការសំណេរពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ គឺមុខវិជ្ជាប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងមុខវិជ្ជាផែនដី និងបរិស្ថានវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។
ក្រសួងអប់រំ យុវជន និងកីឡាអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ករណីរកឃើញថាបានប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ៕ ដោយ៖សូរិយា