ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសារ ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង។
ការមានប្រសាសន៍បែបនេះ របស់លោកអភិបាលខេត្តបានធ្វើឡើង នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ នៅក្នុងឱកាសដែលលោក និងមន្ត្រីជាន់ខ្ពស់ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញ ចូលរួមក្នុងពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅមណ្ឌលវិទ្យាល័យស្វាយរៀង ស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ពិធីកាត់វិញ្ញាសាប្រលងនេះដែរ ក៏មានការចូលរួមអមដំណើរដោយលោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាព អភិបាលក្រុងស្វាយរៀង តំណាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ។
ជាមួយនេះ លោកអភិបាលខេត្ត ក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ឱ្យទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ហើយរដ្ឋបាលខេត្តនៅតែបន្ត និងត្រៀមរង្វាន់សម្រាប់ផ្ដល់ជូនសិស្សានុសិស្សដែលទទួលបាននិទ្ទេសល្អប្រសើរផងដែរ។
សូមបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២នៅខេត្តស្វាយរៀង ចែកចេញជា៧មណ្ឌលមានបន្ទប់ចំនួន ១៥៨ បន្ទប់, បេក្ខជនសរុប ៣.៩៣២នាក់ ស្រី ២,០៥៧នាក់។
មណ្ឌលថ្នាក់វិទ្យាសាស្តមាន២មណ្ឌល, បន្ទប់៣៣ បន្ទប់, បេក្ខជនសរុប ៨១២នាក់ ស្រី៥០៥នាក់
មណ្ឌលថ្នាក់វិទ្យាសាស្ត្រសង្គមមាន៥ មណ្ឌល, បន្ទប់១២៥បន្ទប់ , បេក្ខជនសរុប ៣.១២០ នាក់ស្រី ១.៥៥២នាក់៕ដោយ៖ សុថាន