ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃចន្ទទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ លោកវរសេនីយ៍ទោ បឿ អាត ប្រធានក្រុមប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ គោលដៅស្រុកមោងឫស្សី បានដឹកនាំកម្លាំងសហការជាមួយសហគមន៍នេសាទ ឃុំកកោះ និងឃុំព្រៃតូច បន្តចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ២ទីតាំងក្នុងភូមិសាស្ត្រស្រុកមោងឫស្សី និងដុតបំផ្លាញវត្ថុតាងចោលនឹងកន្លែង។
របាយការណ៍ដដែលបន្តថា ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញនេះ កម្លាំងសរុបចំនួន ១១នាក់ បានចុះទៅបង្រ្កាបបទល្មើសនេសាទ ០១លើក នៅត្រង់ចំណុចបឹងអាជ្រឹង ក្នុងភូមិសាស្ត្រឃុំព្រៃតូច ភូមិកូនខ្លុង និងចំណុចឆ្កែខាំក្ងោក ក្នុងភូមិសាស្ត្រឃុំកកោះ ភូមិទួលព្រំ២ ស្រុកមោងឫស្សី។
ជាក់ស្ដែងក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានប្រើប្រាស់សម្ភារៈក្នុងកិច្ចប្រតិបត្តិការរួមមាន កាណូតចំនួន ០៣គ្រឿង កាំបិតចំនួន០៥ ដើម និងកណ្តៀវចំនួន ០៤ដើម។ ជាលទ្ធផលនគរបាលជំនាញបង្ក្រាបបាន៖ សាច់មងប្រវែង ១,៨៥០ម៉ែត្រ, ឡុកចាប់ត្រីចំនួន ០៧គ្រឿង, បង្គោលចំនួន ៤៤៥ដើម,បានលែងកូនត្រីនិងត្រីចំរុះចំនួន ២០០គីឡូក្រាម ។
គួរបញ្ជាក់ថា ចំពោះករណីនេះ រាល់វត្ថុតាងដែលបង្ក្រាប បានសមត្ថកិច្ចកាប់បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែងដោយឡែកជនល្មើស បានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍៕ ដោយ៖សហការី